Connect with us

ព័ត៌មានអន្ដរជាតិ

លោក អាន់វ៉ា អំពាវនាវឲ្យបញ្ឈប់អំពើហិង្សានិងការពារជនស៊ីវិលនៅ ស៊ូដង់ ជាបន្ទាន់

បានផុស

នៅ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសស៊ូដង់ ស្របពេលមានរបាយការណ៍អំពីអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅគួរឲ្យព្រួយបារម្ភបំផុតនៅទីក្រុង El Fasher និង Darfur ខាងជើង។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bernama នៅថ្ងៃចន្ទទី៣ខែវិច្ឆិកាឆ្នាំ២០២៥ លោកអាន់វ៉ានិយាយថា ម៉ាឡេស៊ី ទទូចឲ្យមានការការពារជនស៊ីវិលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកពិតជាបារម្ភក្រៃលែងចំពោះសោកនាដកម្មនៃការសម្លាប់រង្គាល ភាពអត់ឃ្លាន និងការផ្លាស់ទីលំនៅក្នុងកម្រិតដ៏គួរឲ្យភ្ញាក់ផ្អើលមិននឹកស្មានដល់។

នៅលើ Facebook លោកអាន់វ៉ាលើកឡើងថា៖ « របាយការណ៍អំពីអំពើឃោរឃៅដែលអាចឈានដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សូម្បីតែអំពើប្រល័យពូជសាសន៍ ក៏មិនអាចអត់ឱនឲ្យបានដែរ។ ប្រទេសម៉ាឡេស៊ី ឈរនៅខាងប្រជាជនស៊ូដង់ដោយសាមគ្គីភាព ហើយជំរុញឲ្យសហគមន៍អន្តរជាតិចាត់វិធានការដើម្បីទប់ស្កាត់ទុក្ខវេទនាបន្ថែមទៀត បើកឲ្យជំនួយមនុស្សធម៌ចូលទៅដល់ និងគាំទ្រដំណើរការគួរឲ្យទុកចិត្តឆ្ពោះទៅរកសន្តិភាពនិងគណនេយ្យភាព»។

(រូបថត៖ Reuters)

 

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ រវាងកងកម្លាំងគាំទ្ររហ័ស (RSF) និង កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានរីករាលដាលកាន់តែធំ ឈានដល់ការសម្លាប់ពលរដ្ឋមិនរើសមុខ ដែលជាអំពើប្រល័យពូជសាសន៍។

ក្រុម RSF និងកងជីវពលអារ៉ាប់សម្ព័ន្ធមិត្ត បានកំណត់គោលដៅលើសហគមន៍ជនជាតិភាគតិចអាហ្វ្រិកដែលមិនមែនអារ៉ាប់ដូចជា Masalit, Fur និង Zaghawa។

(រូបថត៖ Reuters)

រឿងកាន់តែរន្ធត់គឺនៅពេល RSF ដណ្ដើមបានការគ្រប់គ្រងទីក្រុង El Fasher ក្នុងខែតុលា ឆ្នាំ ២០២៥ ដែលនាំឲ្យមានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃជាទីបំផុត។

ក្រៅពីការសម្លាប់ផ្តាច់ពូជ ក៏មានសេចក្តីរាយការណ៍អំពីការចាប់រំលោភជាប្រព័ន្ធ និងរំលោភបូកលើស្រីៗ និងក្មេងស្រីដែលព្យាយាមរត់គេចខ្លួនផងដែរ។ លើសពីនេះ RSF បានរារាំងមិនឲ្យជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ដែលស្ថិតក្រោមការឡោមព័ទ្ធ និងតំបន់ជំរំជនភៀសខ្លួននានាដូចជា Zamzam) ដែលបង្កឲ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នករួចជីវិតពីអំពើប្រល័យពូជសាសន៍នៅស៊ូដង់ រៀបរាប់ភាពសាហាវព្រៃផ្សៃរបស់យោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម