ព័ត៌មានជាតិ
ប្រធានសភាអ៊ុយក្រែន លើក៣ចំណុចជូនសម្ដេចតេជោ ដើម្បីសុំការគាំទ្រពីកម្ពុជាជុំវិញសន្តិភាពនៅអ៊ុយក្រែន
ជំនួបសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូ លោកប្រធានសភាអ៊ុយក្រែន បានលើកឡើង៣ចំណុចសំខាន់ៗជូនសម្ដេចតេជោ ដើម្បីសុំការគាំទ្រពីសម្ដេចពាក់ព័ន្ធនឹងការស្ដារសន្តិភាពឡើងវិញនៅអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន។

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជួបសន្ទនាជាមួយលោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ។ លោកប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។
ក្នុងជំនួបនេះ លោក រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នូវរូបមន្តរបស់ប្រទេសអ៊ុយក្រែនចំនួន១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និងសន្តិភាព ដោយបានអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ។ ដោយនៅពាក់កណ្តាលខែមិថុនាខាងមុខ នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសស្វីស លោកប្រធានសភា រំពឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់សម្រាប់អ៊ុយក្រែន និងពិភពលោក។

ជាមួយគ្នានេះ ដោយមើលឃើញពីបទពិសោធន៍ក្នុងការដោះមីនរបស់កម្ពុជា លោកប្រធានសភាអ៊ុយក្រែន ក៏បានស្នើសុំការគាំទ្រពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដើម្បីជួយដោះមីននៅអ៊ុយក្រែន។ លោកប្រធានសភា បញ្ជាក់ថា ការដោះមីននៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ដូច្នេះ អ៊ុយក្រែន ទន្ទឹងរងចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែន។
ពាក់ព័ន្ធនឹងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន លោកប្រធានសភា បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជាដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ានផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងយករូបមន្ត១០ចំណុចទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេច ទុកជូនរាជរដ្ឋាភិបាលសម្រេច។ តែយ៉ាងណា សម្តេចតេជោ បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម តួយ៉ាងត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។
សម្តេចតេជោ បានប្រាប់លោកប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងឯកអគ្គរាជទូតកម្ពុជាឱ្យចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។

ពាក់ព័ន្ធនឹងបញ្ហាដោះមីននៅអ៊ុយក្រែន សម្តេចតេជោ បានសម្ដែងការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសម្ដេច អះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ទៅជួយដោះមីននៅប្រទេសដទៃឡើយ។ ប៉ុន្តែ សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន នាពេលកន្លងមក។ ដូច្នេះ កម្ពុជានឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលដល់អ្នកដោះមីនអ៊ុយក្រែនបន្តទៀត ដោយសហការជាមួយនឹងជប៉ុន។
ចំពោះការអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានឆ្លើយតបថា សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣៥ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


