ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ៖ អាជ្ញាធរមូលដ្ឋានគប្បីចូលរួមឱ្យសកម្មលើការគ្រប់គ្រងគ្រោះមហន្តរាយ
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានរាប់ចាប់ថ្នាក់ក្រុងស្រុករហូតដល់ភូមិ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រសៀលថ្ងៃទី២៧ ខែមិថុនានេះ លោកស្រីមិថុនាភូថង ថ្លែងថាតាមរយៈការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយទាំងអស់ឱ្យថយចុះក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយ មនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នា។

លោកស្រី អភិបាលខេត្តកោះកុង គូសបញ្ជាក់ទៀតថា គ្រប់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ត្រូវបន្តត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយលើការសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅពេលជួបគ្រោះមហន្តរាយនានា។ ហើយរាល់ការជួយសង្គ្រោះ និងគិតគូរចំពោះសុវត្ថិភាពសុខទុក្ខប្រជាពលរដ្ឋ មិនត្រូវមានការប្រកាន់វណ្ណៈពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។

ដើម្បីសម្រេចកិច្ចការងាររួមនេះបាន លោកស្រី មិថុនាភូថង លើកទឹកចិត្តដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែបន្តពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការតាមដានសភាពការណ៍ និងការរាយការណ៍អំពីគ្រោះមហន្តរាយនានា ដែលបានកើតឡើង មកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឱ្យបានជាក់លាក់ទាន់ពេលវេលា។

បញ្ហានេះដែរ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយខេត្តកោះកុង លើកឡើងដែរថា ការបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែមទៀតជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន1294 និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

លោកស្រីអភិបាលរងខេត្ត ចាត់ទុកសិក្ខាសាលាគ្រប់គ្រងកាត់បន្ថយគ្រោះមហន្តរាយនេះ ជាការបង្កឱកាសឱ្យភាគីពាក់ព័ន្ធ បានចូលរួមបញ្ចេញមតិយោបល់ និងការចែករំលែកចំណះដឹង បទពិសោធន៍ ព្រមទាំងស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានអនុវត្តនាពេលកន្លងមក។
អាជ្ញាធរខេត្តកោះកុង បង្ហាញថា ស្ទើរតែគ្រប់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សុទ្ធតែបានយល់ដឹងពីការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ដោយអាចដឹងពីគ្រោះធម្មជាតិកើតមាន ដើម្បីត្រៀមលក្ខណៈរកទីទួលសុវត្ថិភាពទាន់ពេលវេលា។ រដ្ឋបាលខេត្ត នឹងចុះអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប អំពីមុខសញ្ញាគ្រោះថ្នាក់ និងងាយរងគ្រោះ តាមគ្រប់រូបភាព សំដៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងមូលដ្ឋាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


