ព័ត៌មានជាតិ
លោក ស សុខា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រួមចំណែកផ្ដល់សេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី
ក្នុងពិធីសំណេះសំណាលខ្លីជាមួយប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដោយឥតគិតថ្លៃ នៅស្រុកសុីធរកណ្ដាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ ក៏មិនខុសពីកន្លងមកដែរ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្ជាប់នឹងគោលនយោបាយសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល លោក ស សុខា បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតការយកចិត្តដាក់ទៅលើវិស័យអាទិភាពមួយចំនួន បន្តពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្នុងនោះគោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ លោក បន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ រួមទាំងពង្រឹងគុណភាពព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលជាចំណុចសំខាន់ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តលោកយាយ លោកតា និងប្រជាពលរដ្ឋ លើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវតាមដានត្រួតពិនិត្យសុខភាពជាប្រចាំ។ ជាមួយគ្នានេះលោក ស សុខា ក៏បានរម្លឹកជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការអនុវត្តរបស់អាជ្ញាធរ និងការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដូចជា៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ដែលសុទ្ធតែពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


