ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ រម្លឹកមន្ត្រីចរាចរណ៍កុំឱ្យឃាត់ពលរដ្ឋពិនិត្យឯកសារ បើការបើកបរមិនខុសអ្វី
ជារឿយៗតែងមានការរអ៊ូរទាំពីប្រជាពលរដ្ឋដែលជាអ្នកបើកបរនៅតាមដងផ្លូវ នៅពេលដែលពួកគាត់មិនបានល្មើសអ្វីផង ក៏ត្រូវបាននគរបាលចរាចរណ៍ហៅឃាត់ដើម្បីត្រួតពិនិត្យឯកសារនានាដែរ។ តែជុំវិញករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រាប់មន្ត្រីចរាចរណ៍កុំឱ្យឃាត់ពលរដ្ឋពិនិត្យឯកសារទៀត ប្រសិនបើការបើកបរនោះគ្មានល្មើសអ្វី។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ឱ្យមន្ត្រីនគរបាលចរាចរណ៍ ប្រើប្រាស់ពាក្យសំដីឱ្យបានសមរម្យជាមួយប្រជាជន ពិសេសប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។
សារក្រើនរម្លឹករបស់ប្រមុខក្រសួងមហាផ្ទៃបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនៃនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះហេតុការណ៍ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។
ភ្ជាប់ជាមួយការណែនាំខាងលើ រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ ក៏បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាចំណុះការិយាល័យនគរបាលចរាចរណ៍សណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួនមានស្ថានភាពចរាចរណ៍មានរបៀបរៀបរយសណ្តាប់សាធារណៈល្អកន្លងទៅ។

ក្នុងឱកាសនោះ លោក ស សុខា ក៏បានប្រកាសផ្តល់អាវភ្លៀងចំនួន ១ម៉ឺនឈុតដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាសម្រួលចរាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់នៅពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។
គួរជម្រាបថា បញ្ហាប្រឈមដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែមានកម្រិតខ្ពស់។ ជាក់ស្ដែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួន១ ៥២០លើកថយចុះ ១៤លើក ស្មើនឹង ១ភាគរយ ក្នុងនោះ ចំនួនអ្នកស្លាប់មាន ៧៩៣នាក់ បានកើនឡើង ៣៧នាក់ ស្មើ៥ភាគរយ អ្នករបួសចំនួន២ ១១៦នាក់ កើនឡើង ៤៤នាក់ ស្មើ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។
ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មី និងដាក់ចេញវិធានការជាច្រើនដើម្បីតម្រង់ទិសដល់ការរឹតបន្តឹងការអនុវត្តច្បាប់កាន់តែមានតម្លាភាព និងស័ក្តិសិទ្ធិភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


