ព័ត៌មានជាតិ
អាជ្ញាធររាជធានី ត្រៀមរួចរាល់ពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ
អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយសម្រាប់ពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀល និងរាត្រីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ខណៈការដំឡើងឆាកប្រគំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។

នេះជាការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” កាលពីព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៤ ខណៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងប្រារព្ធពិធីនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។
អង្គប្រជុំបានលើកឡើងថា សម្រាប់ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីនេះ កម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងសហការរបស់នាយកដ្ឋានអង្គរក្ស បានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗ ដែលបង្កឡើងពីក្រុមជ្រុលនិយម បង្ការទប់ស្កាត់គ្រោះអគ្គិភ័យ, ត្រៀមកម្លាំង និងរថយន្តសង្គ្រោះពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះ អាជ្ញាធររាជធានីភ្នំពេញ បានបែងចែកកម្លាំង ដើម្បីគ្រប់គ្រងចំនួន ២ តំបន់ធំៗ នោះ គឺ តំបន់ A និង តំបន់ B សំដៅធ្វើយ៉ាងណាឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នារសៀល និងរាត្រីថ្ងៃទី ៥ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ ដំណើរការទៅដោយរលូន បង្កបាននូវភាពសប្បាយរីករាយ និងជោគជ័យ។

គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី ៥ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នេះដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗ ខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ ឲ្យមានភាព គគ្រឹកគគ្រេងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។
ជាគម្រោងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី ៥ សីហា ឆ្នាំ ២០២៤ នឹងមានព្រឹត្តិការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង ១ ម៉ឺននាក់ ជាមួយនឹងការរៀបចំបាញ់កាំជ្រួចនៅទន្លេ ៤ មុខ ចំនួន ២ លើក នោះគឺនៅម៉ោង ៧ និង ២០ នាទី ១ លើក និងនៅម៉ោង ៩ និង ៩ នាទី ១ លើកទៀត។

លោក ឃួង ស្រេង កាលពីថ្ងៃទី ៣១ កក្កដា ធ្លាប់បានណែនាំក្រុមអ្នកព័ត៌មាន ឲ្យចុះផ្តិតយករូបភាព នៃសកម្មភាពទូងស្គរ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃ ៥ សីហា តាមទីតាំងផ្សេងៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងផុសផុល ព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រលើកទី ១ របស់កម្ពុជា។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី ១ នៅកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី ០៥ សីហា ២០២៤ ខាងមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


