ព័ត៌មានជាតិ
ច្នៃកណ្តុរស្រស់ ជាកណ្តុរខ្វៃតម្រូវចិត្តអតិថិជនមួយគីឡូក្រាមលក់ចេញបាន ៤ ម៉ឺនរៀល
ខុសប្លែកពីមុន បច្ចុប្បន្ននេះសត្វកណ្តុរបានក្លាយជាម្ហូបមួយប្រភេទដែលពលរដ្ឋមួយចំនួនចូលចិត្តទិញយកទៅបរិភោគ ខណៈក៏មានពលរដ្ឋបានចាប់មុខរបរខ្វៃកណ្តុរលក់តម្រូវចិត្តអតិថិជន។

សត្វកណ្ដុរ ត្រូវបានគេចាត់ទុកថា ជាសត្វចង្រៃមួយប្រភេទតែងបំផ្លាញផលដំណាំ និងបានអុកឡុកក្នុងលំនៅឋាន ដែលកណ្តុរទាំងនោះដែរ ក៏ត្រូវបានបែងចែកជាពីរ គឺ កណ្តុរប្រមេះ ឬ កណ្តុលបង្កង់ ដែលវាមានទំហំតូចៗ និងមួយប្រភេទទៀតគឺ កណ្តុលប្រែង មានទំហំធំ ដែលកសិករតែងប្រើប្រាស់អង្គុបចាប់តាមដំបូកវាលស្រែយកទៅបរិភោគ។
អ្នកស្រី ធីប នៅស្រុករុក្ខគីរី ដែលប្តីអ្នកស្រីជាអ្នកដើរប្រមាញ់សត្វកណ្តុរបានចំណូលពីការចាប់កណ្តុរលក់បានច្រើនគួរសមក្នុងមួយថ្ងៃៗ ដើម្បីអាចផ្គត់ផ្គង់កូនរៀនសូត្រ និងចំណាយក្នុងគ្រួសារបានមួយផ្នែក។
អ្នកស្រី ធីប បានប្រាប់ថា ក្នុងមួយយប់ៗប្តីអ្នកស្រីរកបានចន្លោះពី ៥ ទៅ ១០ គីឡូក្រាម ដោយយកទៅលក់នៅផ្សារបាត់ដំបង ១ គីឡូក្រាម លក់តម្លៃ ១ ម៉ឺនរៀល តាមតូច ឬធំ បើធំ ១ គីឡូក្រាម មាន ៣ កណ្តុរ បើតូចបន្តិចមាន ៤ កណ្តុរ ហើយលក់អត់យូរទេ គ្រាន់តែដាក់ចេញពីថង់គេនាំគ្នាទិញគ្មានសល់។
ចំណែកគ្រួសារអ្នកស្រី ស៊ុន ផាត ដែលរស់នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ នៅមិនឆ្ងាយប៉ុន្មានពីអាងកំពីងពួយបានប្រាប់យ៉ាងដូច្នេះថា «ឲ្យតែមានមិនខ្វះម៉ូយមកយកទេ ដោយមកទិញដល់ផ្ទះ ដើម្បីយកទៅឆ្អើរលក់នៅចុងស្អានអូរតាគី»។

ប្តីអ្នកស្រី ស៊ុន ផាត លោក អាត ប្រាប់ថា កាលពីមុនមួយយប់យ៉ាងហោចណាស់រកបាន ២០ ទៅ ៣០ គីឡូក្រាម ដោយប្រើអន្ទាក់និងអង្គុបតាមដងអូរ។
លោកបន្តថា កាលនោះសំបូរណាស់ ហើយលក់បាន ១ គីឡូក្រាមបានពី ៥ ០០០ ទៅ ៧ ០០០ រៀល ដែលអាចដោះស្រាយជីវភាពបានមួយគ្រាៗដែរ។ ប៉ុន្តែឥឡូវរកអត់សូវបានទេ មួយយប់បានត្រឹមជាង ៥ គីឡូក្រាម តែកើនតម្លៃបន្តិច។
បុរសរូបនេះបន្តទាំងអស់សំណើច ក្រោយដឹងថាមានគេចិញ្ចឹមកណ្តុរលក់ដែលទិញពូជពីថៃដោយលោកបញ្ជាក់ថា «ខ្ញុំចង់សើច ខ្ញុំគិតថា នៅខ្មែរយើងខ្វះអីកណ្តុរប្រែង ចាំបាច់យកពីប្រទេសគេមកចិញ្ចឹម»។
ក្នុងបទពិសោធន៍ចិញ្ចឹមសត្វកណ្តុរប្រែងលក់ជាង ២ ឆ្នាំ លោក ម៉ឺយ រើន បានឈានមួយជំហានទៀតលើមុខរបរមួយនេះ។ បន្ទាប់ពីចិញ្ចឹមលក់ពូជ លោក ម៉ឺយ រើន ក៏បានពង្រីកជំនាញមួយទៀតដែលកំពុងពេញនិយមលើទីផ្សារនោះគឺ កណ្តុរខ្វៃ ដែលគំនិតច្នៃប្រឌិតនេះហាក់ចម្លែកបន្តិច ប៉ុន្តែបានជោគជ័យដែលនាំឲ្យគ្រួសារបុរសរូបនេះដើរចេញពីភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច ក្លាយជាគ្រួសាររឹងមាំបានយ៉ាងឆាប់រហ័ស ដោយមិននឹកស្មានដល់។

លោក មុយ រើន ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វកណ្តុរបានប្រាប់ «កម្ពុជាថ្មី»ថា លោកបានកែច្នៃធ្វើកណ្តុរខ្វៃនេះ បើគិតមកដល់ពេលនេះមានរយៈពេលជាង ៥ខែហើយ។ តែគេស្គាល់ទើបតែបានជាង ២ ខែប៉ុណ្ណោះ រហូតដល់លោករកកណ្តុរមកខ្វៃមិនបានឆ្លើយតបតាមតម្រូវការអតិថិជន។
បុរសរូបនេះបន្តថា បច្ចុប្បន្នលោកបានបង្កើនតម្លៃការទិញចូលពីសាខា ដែលបានទិញពូជពីលោកទៅចិញ្ចឹម ដើម្បីជាការលើកទឹកចិត្ត ដោយទិញចូល ១ ក្បាលចន្លោះពី ១៣ ០០០ ដល់ ១៥ ០០០រៀល ខណៈកាលពីមុនលោកទិញចូលចន្លោះពី ១០ ០០០ ទៅ ១២ ០០០រៀល ប៉ុណ្ណោះក្នុង ១ក្បាល។
លោកបន្តថា «ក្រោយពីខ្ញុំបានច្នៃធ្វើកណ្តុរខ្វៃ រហូតដល់ពេលនេះ តម្រូវការតាមទីផ្សារ និងអតិថិជន មិនគ្រប់គ្រាន់ទេ ការកែច្នៃនេះ ខ្ញុំ និងភរិយាធ្វើដោយខ្លួនឯង អត់មានជួលគេទេ ហើយការច្នៃនេះគឺ ខ្ញុំធ្វើឲ្យមានអនាម័យល្អ តាមដែលខ្ញុំបានសិក្សាពីប្រទេសថៃ និងការផ្សំគ្រឿងផងដែរ ទើបអ្នកនិយមបរិភោគកម្ម៉ង់រហូតដល់មានការខ្វះខាត»។

លោកថា កណ្តុរខ្វៃ ១ គីឡូក្រាមតម្លៃ ៤ ម៉ឺនរៀល បើធំមាន ២ ឬ ៣ ក្បាលក្នុង ១គីឡូក្រាម បើស្ទើរ គឺ ៤ ក្បាល។ ដោយឡែកសម្រាប់ការវេចខ្ចប់ ក៏តាមស្តង់ដាអនាម័យ ព្រោះបើលោកចង់រក្សាទីផ្សារបានយូរគឺទាមទាឲ្យមានទាំងគុណភាព រសជាតិ និងអនាម័យល្អ។ ចំណែកប្រាក់ចំណូល មិនក្រោម ៥០០ ដុល្លារ ក្នុងមួយខែ បន្ទាប់ពីទូទាត់លើការចំណាយរួចរាល់ ហើយក៏អាចលើសពី ៥០០ ដុល្លារបើគិតទាំងលក់ពូជ និងលក់ខ្វៃ។
លោកបញ្ជាក់ថា នេះជាភាពជោគជ័យមួយដែលកើតចេញតាមរយៈការតស៊ូ និងអត់ធ្មត់របស់លោក ទើបឈានមកដល់ចំណុចនេះ។


អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


