ព័ត៌មានជាតិ
មន្ទីរពេទ្យកាល់ម៉ែត នឹងសង់អគារព្យាបាលថ្មីកម្ពស់២៥ជាន់មួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការព្យាបាលអ្នកជំងឺ
មន្ទីរពេទ្យរដ្ឋដ៏ធំរបស់កម្ពុជា កាល់ម៉ែត នឹងសាងសង់អគារថ្មីកម្ពស់២៥ជាន់មួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា។ អគារសម្រាកព្យាបាលថ្មីនេះ នឹងចំណាយកញ្ចប់ថវិកាសាងសង់ចំនួន៦២លានដុល្លារអាមេរិក ហើយគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមការអះអាងឱ្យដឹងរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធនេះ។

អគារថ្មីនេះ នឹងផ្ទុកចំនួនគ្រែអ្នកជំងឺយ៉ាងច្រើន ហើយនឹងបំពាក់ទៅដោយបរិក្ខាវេជ្ជសាស្រ្តទំនើបៗ ដើម្បីពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ គម្រោងសាងសង់អគារថ្មីនេះធ្វើឡើង បន្ទាប់ពីមន្ទីរពេទ្យកាល់ម៉ែតទើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកព្យាបាល“អគារតេជោអភិវឌ្ឍន៍” កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅ។ អគារនេះ បានប្រើប្រាស់កញ្ចប់ថវិកាសាងសង់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែនដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា។ កញ្ចប់ថវិកានេះ គឺច្រើនជាងការចំណាយលើគម្រោងសាងសង់អគារថ្មីកម្ពស់២៥ជាន់ទៅទៀត។

“អគារតេជោអភិវឌ្ឍន៍” នេះ មានផ្ទុកគ្រែអ្នកជំងឺប្រមាណ៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់ឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង។ ឧបករណ៍វេជ្ជសាស្ត្រទំនើបៗទាំងនេះ សុទ្ធតែនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១៤លាននាក់ បានមកទទួលការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនានានៅក្នុងប្រទេស ខណៈប្រជាពលរដ្ឋប្រមាណ២០ ទៅ២៥ម៉ឺននាក់បានទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស។ តួលេខនេះ មានន័យថា ប្រជាពលរដ្ឋដែលទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេសមានតែ១.៥%ប៉ុណ្ណោះ ខណៈនៅក្នុងស្រុកមានដល់ទៅ ៩៨.៥%ឯណោះ។ សម្រាប់លោករដ្ឋមន្រ្តី ឈាង រ៉ា ការដែលប្រជាពលរដ្ឋកម្ពុជាចេញទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេសមិនមែនជារឿងចម្លែកអ្វីនោះទេ ព្រោះថា មិនមែនពលរដ្ឋកម្ពុជាឡើយ សូម្បីតែពលរដ្ឋនៅប្រទេសផ្សេងៗនៅក្នុងតំបន់ ក៏បានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅឯបរទេសដូចគ្នាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


