ព័ត៌មានជាតិ
អ្នកគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវពិន័យ ប្រាក់ពី១លានដល់៥លានរៀលនិងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌថែមទៀត
ភ្នំពេញ ៖ អនុលោមតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមានថែមទៀត។

នេះបើយោងតាមសេចក្តីណែនាំស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” ក្នុងរាជធានីភ្នំពេញ នាយប់នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១ នេះ ។ ក្នុងសេចក្តីជូនដំណឹងនេះមានន័យថា ៖ក្រោយការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ជាពិសេសបានបង្កើតគណៈបញ្ជាការស្រាល និងបង្កើនកម្លាំងយាមប្រចាំការ ២៤/២៤ម៉ោង តាមបណ្តាមន្ទីរពេទ្យព្យាបាល និងគោលដៅចត្តាឡីស័កទាំងរដ្ឋ និងឯកជន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក។
ជាមួយគ្នានេះ ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តវិធានការចត្តាឡីស័ក ឱ្យកាន់តែមានប្រសិទ្ធភាព ផ្អែកតាម គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំរួមគ្នា និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code “ទប់ស្កាត់កូវីដ Stop Covid” តាមបណ្តាអង្គភាពរដ្ឋ និង អាជីវកម្មដ្ឋានក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាផ្នែកមួយចូលរួមបង្ការ-ទប់ស្កាត់ការរីករាលជាសកលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

តាមរយៈយន្តការខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បណ្តាទីតាំងឯកជនដែលជាប់ ពាក់ព័ន្ធព្រឹត្តិការណ៍ ហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែល ត្រូវដាក់ឱ្យធ្វើបត្តាឡីស័កតាមបណ្តាគោលដៅឯកជនទាំងនោះ ភាគច្រើនលើសលប់បានអនុវត្តយ៉ាងត្រឹមត្រូវ តាមវិធានចត្តាឡីស័ក ប៉ុន្តែក៏នៅមានក្រុមមនុស្សពាក់ព័ន្ធមួយចំនួនតូច បានល្មើសនឹងវិធាននេះ ដោយអនុវត្ត មិនបានពេញលេញ ដូចជា គេចវេះមិនព្រមសហការជាមួយអាជ្ញាធរមូលដ្ឋាន មិនស្តាប់តាមការណែនាំរបស់ មន្ត្រីសុខាភិបាល ធ្វេសប្រហែស និងមានបុគ្គលខ្លះបានលួចចេញមកខាងក្រៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងសុខភាពសាធារណៈទាំងមូលចំពោះមុខ ដើម្បីរឹតបន្តឹងការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ផ្តោតសំខាន់លើលំនៅឋាន ឯកជន អគារស្នាក់នៅរួម និងអាជីវកម្មដ្ឋានទាំងឡាយ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងត្រូវ បានកំណត់ថាជាទីតាំងចត្តាឡីស័កនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម៖

១.ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវដាក់ឱ្យធ្វើចត្តាឡីស័កតាមគោលដៅឯកជនទាំងឡាយ ត្រូវនៅក្នុងផ្ទះ ឬ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ ថ្ងៃ គឺហាមដាច់ខាត ដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

២.អនុលោមតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានកំណត់ថា “បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ”។

៣.ប្រធានក្រុមសន្តិសុខការពារគោលដៅចត្តាឡីស័ក ក្រុមគ្រូពេទ្យប្រចាំការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគី ពាក់ព័ន្ធ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ គ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ ពេលវេលា ដើម្បីធានាថាក្រុមបុគ្គលទាំងឡាយ ដែលកំពុងធ្វើចត្តាឡីស័កស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួន ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។

៤.ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ត្រូវដាក់កម្លាំងបុគ្គលិកប្រចាំការ សម្រាប់ត្រួតពិនិត្យដល់បុគ្គលទាំងឡាយ ដែលចូលមកក្នុងទីតាំងរបស់ខ្លួន ត្រូវស្តេន QR Code ឱ្យបានត្រឹមត្រូវ ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្តេនរួច (ពណ៌បៃតង លឿង ឬ ពណ៌ក្រហម) ។ ក្នុងករណីស្តេនឃើញ ពណ៌លឿងបញ្ជាក់ថាបុគ្គលនោះកំពុងស្ថិត ក្នុងការធ្វើចត្តាឡីស័ក និង ពណ៌ក្រហមបញ្ជាក់ថាបុគ្គលនោះមានជំងឺកូវីដ-១៩ ដូច្នេះ៖ ម្ចាស់អាជីវកម្មដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ ។ ផ្ទុយទៅវិញ ប្រសិនបើម្ចាស់ អាជីវកម្មដ្ឋានណាមួយមិនអនុវត្តតាមវិធានការខាងលើនេះ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការច្បាប់ បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ ដោយត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទាំងស្រុង។

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងម្ចាស់ទីតាំងចត្តាឡីស័កឯកជន ព្រមទាំងក្រុមបុគ្គលដែលកំពុង ធ្វើចត្តាឡីស័កទាំងឡាយ ត្រូវអនុវត្តឱ្យខាងតែបានតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


