ព័ត៌មានជាតិ
ខេត្តសៀមរាប បានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តសៀមរាប បានប្រកាសអបអរសាទរខេត្តសៀមរាបទទួលបានជ័យលាភី ជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការសម្រេចបាននូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) នៅខេត្តសៀមរាប គឺស្របតាមគោលដៅដែលក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ គឺពិតជាមោទនភាពធំធេងណាស់ សម្រាប់រដ្ឋបាលខេត្តសៀមរាប ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល។ ការសម្រេចបានសមិទ្ធផលនេះ គឺពិតជាកើតឡើងដោយសារការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមចិត្ត រួមគំនិតគ្នា គិតធ្វើ ពោលគឺ សៀមរាបផ្ទះខ្ញុំ សៀមរាបធ្វើបាន។

លោកអភិបាលរងបានបន្តថា ពិតណាស់ កត្តាសំខាន់ និងចាំបាច់ ដើម្បីធានាបាននូវជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការ ការលះបង់ ពេលវេលា សម្ភារៈនិងថវិកា ដូចជាការគាំទ្រការថវិកាចុះផ្ទៀងផ្ទាត់ODF ការសាងសង់ប្រព័ន្ធចម្លោះទឹកកខ្វក់ ការសាងសង់បង្គន់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានត្រួតពិនិត្យ តាមដាន ពិសេសការចូលរួម របស់ប្រជាពលរដ្ឋដែល មិនអាចខ្វះបាន ពីព្រោះថា ការរស់នៅរបស់ពលរដ្ឋ សព្វថ្ងៃ មានភាពស៊ីវិល័យទៅតាមការរីកចម្រើននៃប្រទេសជាតិ ដែលត្រូវការភាពស្អាត និងអនាម័យល្អ។ ចំពោះស្ថានភាពអនាម័យខេត្តសៀមរាប យោងលើទិន្នន័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា៖ ខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យស្មើ១០០% ក្នុងនោះ(ខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួន ៩៣.៤៥% ឯខ្នងផ្ទះប្រើបង្គន់រួម ៦,៥៥%)។

រីឯ លោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន១០ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគិរី និងខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រសួងបានកំពុងកែលម្អការរស់នៅតំបន់ជនបទ ធ្វើឱ្យប្រជាជនមានសុខភាពល្អ មានបរិស្ថានរស់នៅល្អ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ការធ្វើអានាម័យផ្ទាល់ខ្លួនជៀសផុតពីជំងឺឆ្លងផ្សេងៗ។

លោក ឆាយ ឬទ្ធិសែន បានបន្តថា បច្ចុប្បន្នក្រសួងបានកំពុងបន្តផែនការអភិវឌ្ឍជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ដែលរហូតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យជនបទ នៅទូទាំងប្រទេស គឺបានប្រមាណជាង ៨៧% ហើយនៅក្នុងឆ្នាំ២០៣០ និងសម្រេចឱ្យបាន១០០%។ នៅក្នុងផែនការឆ្នាំ២០២៤នេះ នៅមានខេត្តចំនួន៣ទៀត ដែលនឹងត្រូវប្រកាស ជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងមានខេត្ត ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តតាកែវ ដែលធ្វើឱ្យខេត្ត(ODF)នឹងកើនឡើងដល់ ១៣ខេត្ត។

លោកបញ្ជាក់ថា ក្នុងឱកាសនេះ ជាមានមោទកភាព ដែលខេត្តសៀមរាបត្រូវបានប្រកាសជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងន័យនេះមានន័យថា គ្រប់ខ្នងផ្ទះទាំងអស់នៅក្នុងខេត្តសៀមរាប មានបង្គន់អនាម័យផ្ទាល់ខ្លួន និងបង្គន់អនាម័យប្រើប្រាស់រួមគ្នាផងដែរ៕
ដោយ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ