ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ប្រាប់ថា ពាក្យចចាមអារាមរឿងស្រូវធ្លាក់ថ្លៃរបស់ក្រុមMMO អាច«ប្រល័យ»កសិករបាន
«មានដឹងទេថា ត្រឹមតែពាក្យចចាមអារាមពីរឿងស្រូវធ្លាក់ថ្លៃ ក៏អាចគ្រប់គ្រាន់នឹងធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះបាន?» នេះ គឺជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាការលើកឡើងនេះ គឺបន្ទាប់ពីមានព័ត៌មានចចាមអារាមចេញពីក្រុមអ្នកបង្កើតមាតិកាដើម្បីរកលុយតាមបណ្តាញសង្គម(MMO)ដែលបាននិយាយថា ស្រូវកំពុងធ្លាក់ថ្លៃខ្លាំង ធ្វើឱ្យកសិករធ្វើស្រូវមានការខាតបង់។

លោក ឃឹម ហ្វីណង់ បានពន្យល់ពីផលអាក្រក់៤យ៉ាងដែលកើតចេញពីពាក្យចចាមអារាមពីរឿងស្រូវធ្លាក់ថ្លៃនេះ។ ទី១. គឺអ្នកទិញផ្អាកទិញ ដោយលោកថា ជារឿងធម្មតាទេ ពេលលឺគេនាំគ្នាផ្អើលថាស្រូវធ្លាក់ថ្លៃ ទាំងគេទាំងលោកប្រាកដជាចង់រង់ចាំបន្តិចហើយ ក្រែងទិញចូលលឿនពេក ថ្លៃលើសពីទីផ្សារ។ បើទោះជានៅតែបន្តទិញ ក៏ព្យាយាមតថ្លៃដែរ ដែលរឹតតែដាក់សម្ពាធថ្លៃទៅលើកសិករ។ ទី២. កសិករលក់មិនចេញ។ លោកអះអាងថា នៅពេលដែលអ្នកទិញកាន់តែច្រើនសម្រេចចិត្តរង់ចាំការធ្លាក់ចុះនៃថ្លៃ ការប្រមូលទិញចាប់ផ្តើមថយចុះភ្លាមៗ ដែលធ្វើឱ្យស្តុកស្រូវនៅស្រែកាន់តែនៅសល់គរច្រើនទៅៗ។

ទី៣.កសិករត្រូវសម្រេចចិត្តបន្ទាបតម្លៃ។ ត្រង់ចំណុចនេះ លោកពន្យល់ថា រឿងនេះច្រើនកើតឡើងនៅក្នុងវិស័យដែលមានអ្នកទិញតិច-អ្នកលក់ច្រើន ដូចជាដំណាំស្រូវ ពិសេសប្រភេទដំណាំដែលងាយខូច និងមិនអាចរង់ចាំបានយូរនៅពេលត្រូវប្រមូលផល។ កាលៈទេសៈបែបនេះ កសិករម្នាក់ៗប្រាកដជាមានការព្រួយបារម្ភ និងព្យាយាមប្រកួតប្រជែងគ្នាខាងផ្នែកតម្លៃ ធ្វើយ៉ាងណាលក់ចេញឱ្យបានមុនគេ ជាពិសេសសម្រាប់បងប្អូនកសិករតូចៗ ដែលស្ថិតនៅដាច់ស្រយាលពីគេ។ ចំណែក ទី៤. គឺពាក្យចចាមអារាមក្លាយជាការពិត។ សម្រាប់លោក ឃឹម ហ្វីណង់ មកដល់ចំណុចនេះ ថ្លៃស្រូវត្រូវបានធ្លាក់ចុះពិតប្រាកដមែន ហើយអ្នកទិញក៏លែងហ៊ានទិញស្រូវក្នុងតម្លៃខ្ពស់ដូចមុន ចំណែកឯកសិករក៏លែងមានជម្រើសក្នុងការចរចារថ្លៃលក់ចេញដូចមុនទៀតដែរ។ ស្រូវពិតជាធ្លាក់ថ្លៃដូចគេនិយាយមែន។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងនេះមិនមែនជាការស្រមើស្រមៃនោះទេ តែជាទ្រឹស្តីសេដ្ឋកិច្ចដែលមានអំណះអំណាងច្បាស់លាស់(ទ្រឹស្តីនៃការរំពឹងទុក – Expectation Theory)។ បញ្ហានេះ វារឹតតែផុយស្រួយសម្រាប់សង្គមបច្ចុប្បន្ន ដែលសាធារណៈជនងាយនឹងមើលឃើញ ស្តាប់លឺពាក្យចចាមអារាមទាំងនោះពីបណ្តាញសង្គម ហើយច្រើនមានទំនោរជឿលើការផ្សព្វផ្សាយណាដែលមានអ្នកLike និងShareច្រើន ដែលភាគច្រើនត្រូវបានបង្កើតឡើងដោយក្រុមអ្នកបង្កើតមាតិកាដើម្បីរកលុយតាមបណ្តាញសង្គម(MMO)តែប៉ុណ្ណោះ។
តើគួរធ្វើដូចម្តេច ដើម្បីជៀសវាងការក្លាយជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត? លោក ឃឹម ហ្វីណង់ បានពន្យល់ណែនាំថា មុននឹងចែករលែក(Share) រឿងអវិជ្ជមាន គួរពិនិត្យមើលប្រភពឱ្យបានច្បាស់សិន ប្រសិនបើចេញពីផេករបស់MMO គួរដាក់ការសង្ស័យឱ្យបានច្រើន ឬតាមដានព័ត៌មានដែលចេញពីប្រភពផ្លូវការ ឬយ៉ាងហោចណាស់ គួររង់ចាំបន្តិចសិន ក៏មិនហួសពេលក្នុងការចែករំលែកដែរ។ លោកគូសបញ្ជាក់ថា៖ «ត្រូវយល់ថា បើពិតជាចង់ជួយកសិករ យើងមានវិធីផ្សេងច្រើន ហើយការផ្សព្វផ្សាយពាក្យចចាមអារាម មិនមែនជាជម្រើសល្អនោះទេ»៕

-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


