ព័ត៌មានជាតិ
ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានបីដំណាក់កាលធំៗ
នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីធ្វើបទបង្ហាញ ស្តីពីបទដ្ឋានប្រតិបត្តិការ និងលំហាត់ហ្វឹកហ្វឺនអន្តារគមន៍សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។

ថ្លែងនៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា ការហ្វឹកហ្វឺននាពេលនេះ មានសារៈសំខាន់ណាស់ក្នុងការបណ្តុះនូវពុទ្ធិ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ តាមរយៈវិធានមួយចំនួនដូចជា ការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យកម្លាំងយើងយល់ដឹងអំពីបទដ្ឋានប្រតិបត្តិស្តង់ដារក្នុងការការពារខ្លួន ការពារក្រុមគ្រួសារ និងការពារការឆ្លងរីករាលក្នុងអង្គភាព ដោយរួម មានទាំងការហ្វឹកហ្វឺនទ្រឹស្តីក្នុងថ្នាក់ ទាំងការសំដែងការអនុវត្តជាក់ស្តែងលើទីលាន ព្រមទាំងការបន្តដុសខាត់ចំណេះដឹងជាប្រចាំ ប្រយោជន៍ផ្តល់ជាទុនក្នុងការការពារខ្លួន និងជួយទប់ស្កាត់ការចម្លងពីបុគ្គលវិជ្ជមានទៅអ្នកដទៃ ហើយចាំបាច់ទាមទារឲ្យសិក្ខាកាមមានការយល់ដឹងស៊ីជម្រៅនូវយុទ្ធវិធីនីមួយៗតាមតួនាទីភារកិច្ចច្បាស់លាស់ ជាមួយការបំពាក់សម្ភារគ្រប់គ្រាន់ និងធានាក្នុងការទំនុកបម្រុងបានគ្រប់ជ្រុងជ្រោយ ដើម្បីភាពជោគជ័យក្នុងប្រតិបត្តិការជាក់ស្តែង។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានបីដំណាក់កាលធំៗគឺ ទី១, ការស្វែងរកយ៉ាងរហ័សឲ្យឃើញនូវអ្នកដែលវិជ្ជមាន និងអ្នកទាំងទ្បាយណាដែលមានការពាក់ព័ន្ធ ដើម្បីធ្វើការប្រមូលផ្តុំដាក់ក្នុងមណ្ឌលចត្តាទ្បីស័ក ធានាទប់ស្កាត់បានការឆ្លងរីករាលដាលទៅដល់អ្នកដទៃ។ ក្នុងដំណាក់កាលនេះ ក្រុមពេទ្យរបស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានដើរតួនាទីជាកម្លាំងជួរមុខយ៉ាងសំខាន់ ហើយបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ អស់រយៈកាលជិតពីរឆ្នាំមកហើយ ដោយបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ។ ដូច្នេះសូមកងកម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះជាមួយមន្ត្រីសុខាភិបាលប្រកបដោយភាពអង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយកើតទ្បើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះ។

ទី២, ការប្រមូល គ្រប់គ្រង និងពិនិត្យឲ្យបានហ្មត់ចត់ដល់អ្នកដែលជាប់មានការសង្ស័យ ដើម្បីធ្វើចត្តាទ្បីស័ក ធានាទប់ស្កាត់បាននូវការរីករាលដាលជាបន្តបន្ទាប់ ហើយសូមគ្រប់បណ្តាអង្គភាពទ័ពធ្វើការរៀបចំអគារដាច់ដោយទ្បែកមួយប្រកបដោយបទដ្ឋានស្តង់ដារ និងការអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវសម្រាប់ធ្វើជាមណ្ឌលចត្តាទ្បីស័កដល់យោធិនរបស់ខ្លួន និងក្រុមគ្រួសារ ដែលនេះជាការជួយសម្រាលបន្ទុកដល់បណ្តាមជ្ឈមណ្ឌលចត្តាទ្បីស័ករបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណាក់កាលនេះ កម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយកម្លាំងដែលទទួលការហ្វឹកហ្វឺននាពេលនេះ នឹងត្រៀមដើម្បីចូលរួមគាំទ្រនៅក្នុងប្រតិបត្តិការគ្រប់គ្រងតំបន់ចត្តាទ្បីស័កក្នុងស្ថានការណ៍ចាំបាច់កើតទ្បើងដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែមក្នុងការការពារការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។

ទី៣, ការព្យាបាល ដើម្បីធានាបាននូវការជាសះស្បើយសម្រាប់អ្នកជំងឺគ្រប់រូប ទោះបីជាជំងឺកូវីដ-១៩ បានបំប្លែងខ្លួនយ៉ាងក៏ដោយ ក៏យើងបន្តរក្សានូវការប្រឹងប្រែង និងប្រុងប្រយ័ត្នខ្ពស់ ព្រោះសន្ទុះនៃការឆ្លងបានកើនទ្បើងគួរឲ្យចាប់អារម្មណ៍ក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមានទាំងករណីនាំចូល និងទាំងករណីរីករាលដាលក្នុងសហគមន៍តែយើងមិនបានបាត់នូវភាពម្ចាស់ការក្នុងការគ្រប់គ្រង និងព្យាបាលទ្បើយ ហើយថែមទាំងបន្តយកចិត្តទុកដាក់កើនទ្បើងក្នុងការទប់ស្កាត់កុំឲ្យមានការរីករាលដាលខ្លាំងជាងនេះទៀត ជាពិសេសក្នុងអំទ្បុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាពដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេសក្នុងការតាក់តែងឯកសារ និងធ្វើបទបង្ហាញដល់ការហ្វឹកហ្វឺននេះ ព្រមទាំងអរគុណដល់កងកម្លាំងរបស់យើងសម្រាប់ទឹកចិត្តក្លាហានមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕



កោះកែវ

-
សន្តិសុខសង្គម២០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល