ព័ត៌មានជាតិ
តើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មានសារៈសំខាន់យ៉ាងណាចំពោះអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា?
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយនូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះ គឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានទៅកាន់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានប្រមាណ២០០នាក់នៅក្នុងពិធីប្រគល់-ទទួលកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថា បានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
គួរជម្រាបជូនថា ដូចប្រទេសនានានៅលើសកលលោកដែរ កម្ពុជា មានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាក្រមសីលធម៌កំពូលសម្រាប់ការអនុវត្តក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងសង្គមមកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ក្នុងខ្លឹមសារចំនួន៤ជំពូក និង២៧ចំណុចសំខាន់ៗ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានអត្ថាធិប្បាយ និងពន្យល់ច្បាស់ពីសិទ្ធិ និងករណីយកិច្ច អ្វីដែលអ្នកសារព័ត៌មានត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ព្រមទាំងការរៀបរាប់ពីទិដ្ឋភាពទាក់ទងនឹងទំនួលខុសត្រូវនានា ដែលស្ថិតក្នុងក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន អ្នកសារព័ត៌មានចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាព និងដុសខាត់ជំនាញក្នុងការសរសេរ ផលិត និងផ្សព្វផ្សាយ ដោយត្រូវធ្វើទំនើបកម្មការងារឱ្យស្របទៅនឹងភាពរីកចម្រើននៃសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភាពប្រកួតប្រជែង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើគុណភាពព័ត៌មាន និងការផ្សាយទាំងនោះ។ ជាងនេះទៀត អ្នកសារព័ត៌មានចាំបាច់ត្រូវយល់ឱ្យបានច្បាស់អំពីព្រំដែននៃការអនុវត្តការងារវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិ និងតួនាទីជាអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវចៀសវាងកុំឱ្យការប្រើសិទ្ធិ និងសេរីភាពហួសពីដែនដែលច្បាប់បានកំណត់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានអះអាងថា៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយ ផ្ទុយទៅវិញធម្មនុញ្ញនេះ មានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋាន ដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម»។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន។ ការបន្តអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ ហេតុដូច្នេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ អ្នកសារព័ត៌មាន ត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ស្ថិរភាពនិងសន្តិសុខសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តបន្ថែមដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់សារព័ត៌មានកម្ពុជា៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


