ព័ត៌មានជាតិ
តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស
តុលាការខេត្តកណ្តាល សម្រេចផ្តន្ទាទោស ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ និងស្រ្តីជនជាតិខ្មែរ ១នាក់ ក្នុងសំណុំរឿងការពពោះជំនួស ដោយចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន។
ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣ នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល៤ ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៤។

ចំណែកជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ដែលជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារដើម្បីមើលថែ ស្ត្រីជនជាតិហ្វីលីពីនត្រូវបានតុលាការសម្រេច កែប្រែបទចោទប្រកាន់លើជនជាប់ចោទពីបទសមគំនិត ក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន មកជាបទ មិនប្តឹង បរិហារបទឧក្រិដ្ឋ តាមបញ្ញត្តិមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌវិញ។ តុលាការ បានផ្តន្ទាទោសស្រ្តីខ្មែរដាក់ពន្ធនាគារ កំណត់រយៈពេល៦ ខែ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា។ ជនជាប់ចោទបានប្រព្រឹត្តបទល្មើសនៅចំណុចបុរី វិមានភ្នំពេញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បញ្ជាក់ជូនថា ជុំវិញការសម្រេចនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានធ្វើការពិចារណាយ៉ាងល្អិតល្អន់ ច្បាស់លាស់ និងត្រឹមត្រូវបំផុតផ្អែកតាមច្បាប់ជាធរមាន ហើយបានកំណត់ថា អំពើដែលបានប្រព្រឹត្តដោយជនជាប់ចោទជា ស្ត្រីជនជាតិហ្វីលីពីនទាំង១៣ នាក់គឺជាបទល្មើសដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អំពើនេះ គឺជាបទល្មើសប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ដែលត្រូវផ្តន្ទាទោសដោយក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយសារបទល្មើសនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមនុស្សរបស់ទារក និងកុមារ ដែលត្រូវគាំពារ និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

យោងតាមមាត្រា៩៨៧ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន។ ប៉ុន្តែ ក្នុងករណីសំណុំរឿងខាងលើនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំដែលបង្ហាញថា ស្ត្រីជនជាតិ ហ្វីលីពីនទាំង១៣ នាក់នេះ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារកក្នុងគោលបំណងលក់-ដូរ ទៅឱ្យអ្នកទីបីជាថ្នូរនឹងប្រាក់ ដែលអំពើនេះត្រូវកំណត់ថាជាបទល្មើសលក់-ដូរមនុស្ស។ ហេតុដូច្នេះ ស្ត្រីដែលពពោះជំនួស ក្នុងគោលបំណងបង្កើតកូន ដើម្បីលក់-ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើសតាមច្បាប់កម្ពុជា។
កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជា អសាធារណៈដើម្បីជំនុំ ជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំពោះស្រ្តីខាងលើពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


