ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ណែនាំពលរដ្ឋគិតរកតម្រូវការណាចាំបាច់បំផុត ប្រាប់អាជ្ញាធរដោះស្រាយជូន
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំទៅដល់ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកយកមកឱ្យអាជ្ញាធរដោះស្រាយជូន ពិសេសជាតម្រូវការរស់នៅប្រចាំថ្ងៃជាចាំបាច់ ដូចជាពាក់ព័ន្ធនឹងទឹកស្អាត អគ្គិសនីជាដើម។

ការណែនាំបែបនេះរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ នៅខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រោមវត្តមាន លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន មានប្រសាសន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាខណ្ឌចង់បានជាងគេ គឺចង់ដឹងបញ្ហាជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើមានសំណូមពរអ្វី ពិសេសបើមានតម្រូវការចាំបាច់អ្វីខ្លះ ដែលតម្រូវឱ្យរដ្ឋបាលសង្កាត់ ខណ្ឌ និងរាជធានី ដោះស្រាយជូន”។ ក្នុងនោះ លោកប្រធានក្រុមប្រឹក្សា ណែនាំឱ្យគិតគូរលើបញ្ហាពាក់ព័ន្ធនឹងការរស់នៅក្នុងជីវិតប្រចាំថ្ងៃនេះ ដូចជាផ្នែក សុខុមាលភាព ទឹកស្អាត និងអគ្គិសនី ជាដើម។

ក្នុងវេទិកានេះមានតំណាងប្រជាពលរដ្ឋមកពីសង្កាត់នានា បានសំណូមពរដោយផ្ទាល់មាត់ ចំនួន ៨ រូប ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូនរួមមាន ៖ សំណូមពរឱ្យជួយបន្ថែមស្លាកសញ្ញាចរាចរណ៍ , ការទប់ស្កាត់ការបំពុលបរិស្ថានដោយការដុតបំភាយផ្សែងចេញពីរោងចក្រ, ស្នើសុំពង្រីកផ្លូវមួយខ្សែ ដែលពលរដ្ឋអះអាងថា កំពុងតែមានភាពមមាញឹកខ្លាំងជាងមុន និងអាចបង្កគ្រោះថ្នាក់ច្រើន, បញ្ហាទឹកស្អាតនៅមិនទាន់មានគ្រប់គ្រាន់ ប្រើប្រាស់បានតាមបន្ទប់ជួលមួយចំនួន, តំណាងក្រុមហ៊ុនឯកជន ស្នើដល់អាជ្ញាធរជួយអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសកុំបោះចោលតាមរបង នៃតំបន់សេដ្ឋកិច្ចពិសេស, មានការស្នើសុំឱ្យជួយជួសជុល ឬ ប៉ះប៉ូវអំពូលភ្លើងបំភ្លឺផ្លូវដែលខូច និងមិនទាន់មានគ្រប់គ្រាន់ ព្រមទាំងមានការស្នើសុំឱ្យពិនិត្យទៅលើបញ្ហាការបង្ហូរទឹកកង្វក់ចេញពីរោងចក្រដែលបង្កក្លិនស្អុយ ព្រមទាំងប៉ះពាល់ដល់បរិស្ថានជាដើម។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានគូសបញ្ជាក់ទៅប្រធានអង្គការដែលលើកឡើងពីការព្រួយបារម្ភលើបញ្ហាបរិស្ថានវិញថា ប្រសិនបើមានបញ្ហាអ្វីមួយពាក់ព័ន្ធជាមួយនឹងបរិស្ថាន សូមឱ្យសហការគ្នា និងរាយការណ៍ជូនមកលោកផ្ទាល់ នោះលោកនឹងអាចសម្របសម្រួលជាមួយខាងរោងចក្រ ដូចជាករណីអង្គការចង់ចូលទៅពិនិត្យក្នុងរោងចក្រ ហើយត្រូវបានខាងរោងចក្រហាមឃាត់មិនឱ្យចូលពិនិត្យ ខណៈលោកអភិបាលខណ្ឌ ចាត់ទុកថា នេះជាកិច្ចការល្អដែលមានប្រជាពលរដ្ឋ ពោលគឺអង្គការជួយយកចិត្តទុកដាក់បន្ថែម ស្របពេលអាជ្ញាធរ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។

បន្ថែមលើនេះ ពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ ដូចជាការតភ្ជាប់បណ្ដាញទឹកស្អាត លោកអភិបាលខណ្ឌ បានណែនាំទៅមេភូមិ ឬតំណាងប្រជាពលរដ្ឋ ត្រូវធ្វើឯកសារស្នើជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បើទោះជាត្រូវឆ្លងជាមួយនឹងអាជ្ញាធរខណ្ឌក៏ដោយក្តី ក៏ប៉ុន្តែម្ចាស់ផ្ទះជួលផ្ទាល់ខ្លួនឯង ជាមួយប្រជាពលរដ្ឋ ត្រូវបំពេញបែបបទស្នើសុំជាមុនសិន។ ដោយឡែកការជួយអប់រំផ្សព្វផ្សាយ ទៅកាន់ប្រជាពលរដ្ឋទៅលើការទុកដាក់សំរាមជាដើមនោះ លោក ឃឹម ស៊ុនសូដា ក៏បានឯកភាពទទួលយកសំណើ ដោយត្រៀមកម្លាំងអន្តរាគមន៍ និងសហការជាប់ជាប្រចាំ និងណែនាំឱ្យគ្រប់បណ្តាក្រុមហ៊ុនឯកជនក្តី ប្រជាពលរដ្ឋក្តី ត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីសោភណភាពទីក្រុង និងអនាម័យបរិស្ថានល្អ។

លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា “សំណួរសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួន អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូនដោយផ្ទាល់រួចហើយៗ នឹងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូនបងប្អូន ប៉ុន្តែចំពោះសំណួរ សំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់នឹងដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់អស់លោកលោកស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌក្រុមប្រឹក្សាសង្កាត់នូវលទ្ធផល នៃការដោះស្រាយជូនទាំងលទ្ធផលជា វិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាបនៅពេលក្រោយ ឬនៅពេលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ នៅតាមខណ្ឌទាំង ១៤ ត្រូវបានបញ្ចប់”៕
អត្ថបទ ៖ ស្រីរ័ត្ន




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


