Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និង​ការ​បៀតបៀន​នៅ​ក្នុង​ពិភពការងារ”

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អញ្ជើញ ជាអធិបតី​ក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការ​បៀតបៀន​នៅ​ក្នុងពិភពការងារ” ដែល​រៀបចំធ្វើនាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហេង សួរ បានថ្លែងថា វត្ត​មាន​របស់តំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និង​ដៃ​គូអភិវឌ្ឍន៍ ក្នុងការចូលរួមកម្មវិធីនាពេលនេះ ជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។

លោក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់នៅក្នុងគ្រប់សកម្មភាពការងាររបស់កម្មករនិយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់​នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្នុង​នោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨  ដោយកំណត់នៅក្នុងយុទ្ធសាស្រ្តទី៦ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារផងដែរ។

លោក ហេង សួរ បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈនឹងផលិតជាផុសស្ទ័រអប់រំ ដើម្បីបិតផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស ដើម្បីឱ្យកម្មករនិយោជិត និងនិយោជកយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។

ទន្ទឹម​នេះ លោករដ្ឋមន្ត្រីក៏អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការនេះឱ្យមានប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការ ១៦ថ្ងៃ នៃសកម្មជនប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩១ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥​ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម