Connect with us

ព័ត៌មានជាតិ

លោកស្រី ម៉ៅ ម៉ាប់ ទទួលពានរង្វាន់បារំាងអាល្លឺម៉ង់ផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ២០២៤

បានផុស

នៅ

លោកស្រី ម៉ៅ ម៉ាប់ នាយិកាអង្គការក្លាហាន បានទទួលពានរង្វាន់បារំាងអាល្លឺម៉ង់ផ្នែកសិទ្ធិមនុស្ស និង​នីតិ​រដ្ឋ​ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែធ្នូ។ លោកស្រីត្រូវបានទទួលស្គាល់ចំពោះការងារដើម្បីសិទ្ធិស្រ្តី និង​យែន​ឌ័រ។ ការផ្តល់ពានរង្វាន់នេះគឺដើម្បីអបអរការប្រឹងប្រែងមិនចេះនឿយហត់​របស់លោកស្រី​ក្នុងការ​លើក​កម្ពស់​សេច​ក្តី​ថ្លៃថ្នូរ យុត្តិធម៌ ស្វ័យភាពរបស់ស្ត្រីនៅកម្ពុជា។ ពានរង្វាន់ប្រគល់ដោយ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ស្តេហ្វាន Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំ​កម្ពុជា នៅ​ក្នុង​ពិធី​មួយរៀបចំឡើងនៅស្ថានទូតបារាំង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបទពិសោធន៍ផ្ទាល់ និងការរួមចំណែកក្នុងសកម្មភាពរួមដើម្បីសិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី ម៉ៅ ម៉ាប់ គឺ​ជាសកម្មជនមួយរូបជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យសមភាពយែនឌ័រ។ ពេលនៅ​អង្គ​ការអាដហុកដែល​បច្ចុប្បន្ន​លោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាល លោកស្រី​បាន​បំពេញ​​ការ​ងារក្នុងការប្រយុទ្ធប្រឆាំង​អំពើហិង្សា​ផ្អែក​លើ​យែនឌ័រ ដោយគាំទ្រលទ្ធភាពទទួលបានយុត្តិធម៌ និងការធ្វើ​សមា​ហរ​ណ​កម្មអ្នករស់រានមានជីវិត​ ក៏ដូចជាការពារ​ស្ត្រី​ចំណាកស្រុក។ បច្ចុប្បន្នជា​នា​យិ​កា​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ក្លាហាន លោកស្រីដើរតួនា​សំខាន់​ក្នុង​នាម​ជា​ស្ត្រី​តស៊ូ​ដើម្បី​សមភាពយែនឌ័រ និង​សិទ្ធិស្ត្រីដោយពុំ​មាន​ការរើសអើង​ប្រភព អាយុ ពណ៌សម្បុរ និងជាតិសាសន៍ ហើយ​លោកស្រី​គឺជា​អ្នក​គាំទ្រ​សហ​គមន៍​​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​(LGBT+) និងស្ត្រីមកពីសហគមន៍ជនជាតិដើម។ តាម​រយៈសកម្មភាពនានា លោកស្រីចូល​រួមពង្រឹង​ស្វ័យ​ភាព​របស់​ស្រ្តីក្នុងគ្រប់កិច្ចការ និងរួមចំណែកក្នុងការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីផ្តល់​ដំណោះស្រាយ​វិជ្ជមានចំពោះឧបសគ្គនានា​ដែលរំាងស្ទះដល់​ការ​លើក​ស្ទួយសិទ្ធិស្មើភាពគ្នា។

លោក​ ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា «តាមរយៈការទូតដែលផ្តោតលើស្ត្រី ប្រទេសបារាំង​មាន​ការ​ប្តេជ្ញា​ចិត្តខ្ពស់ក្នុងការជំរុញសមភាពរវាងស្ត្រី និងបុរស និងក្នុងការប្រយុទ្ធប្រឆាំងនឹងហិង្សា​ដែលផ្អែកលើយែនឌ័រគ្រប់ទ​ម្រង់​ទាំង​អស់។​ ពានរង្វាន់នេះគឺជាការទទួលស្គាល់​ការងាររបស់លោកស្រី ម៉ៅ ម៉ាប់ ដែល​​បាន​ចំណាយ​ពេល​ប្រមាណ​២០ឆ្នាំក្នុងការការពារសិទ្ធិស្ត្រី និងការពារ​ស្ត្រី​ងាយរងគ្រោះ​បំផុត។ ការផ្តល់​ពាន​រង្វាន់​នេះ​ក៏ជាការទទួលស្គាល់ផងដែរនូវការប្តេជ្ញាចិត្ត និងភក្តីភាពរបស់អ្នក​ការ​ពារ​សិទ្ធិ​មនុស្សកម្ពុជា»។

ចំណែកលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាវិញ ​បានមានប្រសាសន៍ថា ​«ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស គឹជាអាទិភាពមួយនៃគោលនយោបាយ​ការបរទេស​អាល្លឺ​ម៉ង់​នៅក្នុ​​ង​ពិភព​លោក។ ក្នុង​ន័យនេះ ការការពារនីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន គឺជាសរសរស្តម្ភនៃការប្តេជ្ញា​ចិត្ត​អន្តរ​ជាតិរបស់អាល្លឺម៉ង់។ នៅឆ្នាំនេះ យើងប្រគល់ពានរង្វាន់ជូនលោកស្រី ម៉ៅ ម៉ាប់ ដោយសារភាពក្លាហានមោះ​មុត​របស់​លោក​ស្រីក្នុង​ការ​ការពារ​សិទ្ធិទាំងនេះ ជាពិសេសដើម្បីជាប្រយោជន៍ស្រ្តីជនជាតិដើម និងស្រ្តីដែលត្រូ​វ​បានរើសអើង។» ​

ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ រួមគ្នាផ្តល់ពានរង្វាន់ដល់ឥស្សរជន អ្នកការពារសិទ្ធិមនុស្ស​ អ្នកសារព័ត៌មាន ព្រមទាងស្ត្រី និងបុរសនានា ដែល​បំពេញ​ការ​ងារ​ក្នុង​ការ​ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅគ្រប់ទីកន្លែងជុំវិញពិភពលោក។ ជ្រើសរើស​រួម​គ្នា​ដោយ​ក្រសួងអឺរ៉ុប និង​ការបរទេសបារាំង និងក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងឆ្នាំនេះ បុគ្គលចំនួន១៥នា​ក់​នៅ​លើ​ពិភព​លោក​ត្រូវបាន​ជ្រើស​រើស​ឱ្យទទួលពានរង្វាន់នេះជាមួយលោកស្រី ម៉ៅ ម៉ាប់។

តាមរយៈពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋបារំាងអាល្លឺម៉ង់នេះ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់សូម​វាយ​តម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សង្គមស៊ីវិលដើម្បីសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ និងសិទ្ធិមនុស្សដែលមិនអាច​ដកហូតបាន។ ជាការពិតណាស់ ការការពារ ការធានា និងការពង្រឹងសិទ្ធិមនុស្សគឺជាល័ក្ខខ័ណ្ឌដ៏មានសារសំខាន់​សម្រាប់សេរីភាព យុត្តិធម៌ និងសន្តិភាពនៅលើពិភពលោក៕     

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម