ព័ត៌មានជាតិ
មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ
ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ ២០២៥-២០២៦ ដែលជាសមិទ្ធផលដ៏សំខាន់មួយបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
ការជាប់ឆ្នោតរបស់កម្ពុជា ត្រូវបានសម្រេចក្នុងសម័យប្រជុំពេញអង្គលើកទី ៥៤ នៃមហាសន្និបាតអ.ស.ប. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ បានប្តេជ្ញាថា ក្នុងឱកាសដែលកម្ពុជាទទួលយកនូវតួនាទីថ្មីដ៏សំខាន់នេះ កម្ពុជាសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសបញ្ជាក់ទៀតថា៖«កម្ពុជានឹងបន្តដើរតួនាទីសកម្ម ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពជាសាកល និងរួមចំណែកដល់ការលើកកម្ពស់អនាគតដែលប្រកបសន្តិភាព សុវត្ថិភាព និងវិបុលភាព សម្រាប់ទាំងអស់គ្នា»។

គណៈកម្មាការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេសដែលឆ្លងកាត់សង្គ្រាម និងជម្លោះ ឈានទៅរកសន្តិភាព។ ការជាប់ឆ្នោតរបស់កម្ពុជាក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងអំពីការគាំទ្រ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍ អន្តរជាតិចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូតលាស់របស់កម្ពុជា ក្នុងវិស័យការទូត និងការកសាងសន្តិភាព។
ក្នុងនាមជាប្រទេសដែលស្រឡាញ់ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃសន្តិភាព កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៩០០០នាក់ ដើម្បីបម្រើការ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ចំនួន១១ ដែលក្នុងនោះមានស្ត្រីជាង៨០០នាក់ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៥ នៅលើពិភពលោក ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ពិភពលោក។
បើតាមសេចក្តីប្រកាសដដែលនេះ ការប្រែក្លាយខ្លួនរបស់កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម រហូតទទួលបាន សន្តិភាពយូរអង្វែង ជាពិសេសបន្ទាប់ពីរបបខ្មែរក្រហម ក៏បានផ្តល់នូវមេរៀន និងការយល់ដឹងដំ មានតម្លៃ ចំពោះដំណើរការនៃការបង្រួបបង្រួមជាតិ ការកសាងប្រទេស និងកិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាព។

សូមរំឭកថា បន្ទាប់ពីជម្លោះនិងភាពចលាចលជាច្រើនឆ្នាំមក កម្ពុជាបានលេចចេញជាពន្លឺនៃសន្តិភាព និងការអភិវឌ្ឍន៍ ដែលភាគច្រើនកើតចេញពីផ្លែផ្កាដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គំនិតផ្តួចផ្តើមស្នូលដែលជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរនេះគឺការអនុវត្តគោលនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាវិធីសាស្រ្តយុទ្ធសាស្ត្រសំដៅបង្រួបបង្រួមជាតិ កសាងសន្តិភាព និងជំរុញវឌ្ឍនភាពប្រកបដោយចីរភាព។
នៅពេលដែលប្រទេសកម្ពុជាឈានទៅមុខ កេរដំណែលនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅតែជាសក្ខីភាពបង្ហាញពីការបង្រួបបង្រួម ថែរក្សាសន្តិភាព ស្ថិរភាព ការផ្សាះផ្សា និងការឯកភាពជាតិ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី