Connect with us

ព័ត៌មានជាតិ

កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​មេខ្យល់​ចំនួន​២​នាក់ នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​១៤​នាក់​ទៅ​ប្រទេស​ថៃ

បានផុស

នៅ

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ និង​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ក្រោម​ការដឹកនាំ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក សម វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ បានធ្វើការ​ឃាត់ខ្លួន​មេខ្យល់​២​នាក់​លួច​នាំ​ពលករ​ចំនួន​១៤​នាក់ ស្រី​៩​នាក់ ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​មេ​ខ្យល់​ទាំង​២​នាក់​១​ឈ្មោះ ចក់ វី ហៅ ០៩ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ជា​មេក្លោង ២​ឈ្មោះ យ៉ា​ត ប៊ុន​នី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជរ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ជា​មេខ្យល់​ទាំង​២​នាក់​នេះ បាន​នាំ​ពលករ​ប្រុស ស្រី​ចំនួន​១៤​នាក់ យក​មក​លាក់ខ្លួន​នៅក្នុង​ផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រៀម​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នៅ​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២១ ចំណែក​ឈ្មោះ​អោម ចាន់​រ៉ា ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ ជា​ម្ចាស់​ផ្ទះសំណាក់ ម៉ី ម៉ី មិន​សហការ​ជាមួយ​សមត្ថកិច្ច​បានផ្តល់​ទីតាំង​ឲ្យ​មេខ្យល់​លាក់​ពលករ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជ​ន​សង្ស័យ​ជា​មេខ្យល់​ទាំង​២​នាក់​និង​ម្ចាស់ផ្ទះ​សំណាក់ កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់។ ដោយឡែក​ពលករ​ទាំង​១៤​នាក់​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម