ព័ត៌មានជាតិ
ច្បាប់ថវិកាជាតិឆ្នាំ ២០២៥ ដាក់អាទិភាពសាងសង់ផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងទន្លេ ភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ
ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបប្រកាសដាក់ឲ្យប្រើប្រាស់ បានលើកពីគម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗ ដូចជាផ្នែកអប់រំ សុខាភិបាល ធារាសាស្ត្រ វិស័យទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាដើម ដែលត្រូវការកម្ចីថវិកាប្រមាណជាង ២ ពាន់លានដុល្លារពីដៃគូអភិវឌ្ឍ។
ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅឆ្នាំ ២០២៥ របស់រដ្ឋាភិបាល ក៏បានលើកពីគម្រោងអាទិភាពការស្ថាបនាផ្លូវជាតិលេខ ៥០C ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ រួមទាំងស្ពានឆ្លងទន្លេសាបផងដែរ។

ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងទន្លេសាប កម្ពុជាថ្មីបានទំនាក់ទំនងទៅលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ដោយលោកមិនទាន់មានការឆ្លើយតបនៅឡើយទេ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចានថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជំរុញឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តីខិតខំពន្លឿននីតិវិធីក្នុងការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗចំនួន ១២ គម្រោង ដែលជាឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ។
ក្នុងចំណោមនោះ គ៏មានគម្រោងសាងសង់ផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។
លោក ស៊ុន ចាន់ថុល ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្នុងចំណោមគម្រោងសំខាន់ៗ អាទិភាពទី១ដែលលោកផ្តល់អនុសាសន៍ដល់ក្រសួងសាធារណការនិងដឹកជញ្ជូនខិតខំសម្រេចឲ្យបាន គឺគម្រោងសាងសង់ផ្លូវជាតិ ៥០C ដែលប្រើប្រាស់ថវិកាពីរដ្ឋាភិបាលចិន ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដោយត្រូវចរចាតម្លៃជាមួយមិត្តចិន ដើម្បីអាចឈានទៅបើកការដ្ឋានសាងសង់ឲ្យបានឆាប់បំផុត។
គម្រោងសាងសង់ផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងទន្លេតភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំ ធ្លាប់ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩ ដើម្បីធ្វើការសិក្សាធ្វើយ៉ាងណាមិនត្រូវឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។
ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសគម្រោងនេះគឺជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤ ខណៈដែលផ្លូវមួយខ្សែនេះជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញចម្ងាយធ្វើដំណើរពីជាង ១០០គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ ៥៨ គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ។
គម្រោងសាងសង់ផ្លូវនិងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គ្រោងប្រើប្រាស់ឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងទទួលបន្ទុកស្ថាបនាដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។
គម្រោងផ្លូវ និងស្ពាននេះមានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨ គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក ព្រមជាមួយការសាងសង់ស្ពានប្រវែង ៣.៣០០ ម៉ែត្រមួយទៀត ដែលគ្រោងចំណាយថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក៕
បន្តចុចអាន៖ គម្រោងផ្លូវ-ស្ពាន សំខាន់ៗចំនួន ១២ ស្ថិតនៅក្នុងគោលដៅជំរុញឈានបើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


