ព័ត៌មានជាតិ
ទូតអ៊ីរ៉ង់ ប្ដេជ្ញាធ្វើការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីជំរុញលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច
សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពជាមួយកម្ពុជាឱ្យកាន់រីកចម្រើនរឹងមាំថែមទៀតទាំងស្ថាប័ននីប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីបម្រើផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង។ ការប្ដេជ្ញាចិត្តនេះ បានបង្ហាញឡើងតាមរយៈលោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា។

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យលោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែនមាននិវេសនដ្ឋាននៅទីហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ក្នុងជំនួបនេះ លោក អាលី អាកបា ណាហ្សារី បានគូសបញ្ជាក់ពីបេសកកម្មសំខាន់ៗមួយចំនួនរបស់លោក ដែលបាននិងកំពុងធ្វើជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល ជាដើម។ ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត បានស្នើសុំសម្តេច ឃួន សុដារី ជួយគាំទ្រដល់បេសសកម្មទាំងនោះ ដើម្បីសម្រេចឱ្យបានជាផ្លែផ្កា។

លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលបានធានាការពារសុខសន្តិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដែលនេះ ជាជោគជ័យធំធេងធ្វើឱ្យប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍបន្តបន្ទាប់។ តួយ៉ាង កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤កន្លងមក សម្រេចបានក្នុងរង្វង់៦% ដោយបានលើកម្ពស់ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានបញ្ជាក់ទៅកាន់លោកឯកអគ្គរដ្ឋទូត ថា កម្ពុជា និងអ៊ីរ៉ង់ នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្ដេច ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្តិភាព ការអភិវឌ្ឍប្រកបចីរភាព និងវិបុលភាពដល់មនុស្សជាតិលើភពផែនដី ពីព្រោះថាក្នុងពេលបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកស្ថិតនៅក្នុងស្ថានភាពផុយស្រួយ ប្រែប្រួលឆាប់រហ័ស បានកំពុងគំរាមកំហែងដល់សុខសន្តិភាព និងការអភិវឌ្ឈរបស់ប្រជាពលរដ្ឋនៅលើពិភពលោកទំាងមូល។

ប្រធានរដ្ឋសភាកម្ពុជា បានអរគុណឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដែលបានផ្តល់សច្ចៈភាពដល់កម្ពុជា ដោយបានវាយតម្លៃយ៉ាងត្រឹមត្រូវពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត ក្នុងការធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ជាពិសេសការអភិវឌ្ឍប្រទេសជាតិជូនប្រជាពលរដ្ឋ បន្តវេនពីសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជា-អ៊ីរ៉ង់ មានលក្ខណៈស្រដៀងៗគ្នាច្រើន ជាពិសេសធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ ហើយក៏ជាប្រទេស ដែលផ្តល់តម្លៃពិតនៃសុខសន្តិភាព។ នេះជាការបន្ថែមរបស់ប្រធានរដ្ឋសភាកម្ពុជា។
ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃការទូតសភាកា ដែលបានដើរតួនាទីក្នុងការថែរក្សាសុខសន្តិភាព និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។
ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនរឹងមាំឡើងបន្ថែមទៀត ប្រធានរដ្ឋសភាកម្ពុជា ក៏ទទួលយកការអញ្ជើញរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់ ទៅទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងពេលសមស្របណាមួយ ខាងមុខផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


