ព័ត៌មានជាតិ
លោក កែវ រ៉េមី ៖ អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាកើនឡើង ហើយពួកគេក៏ហ៊ានបង្ហាញជាសាធារណៈជាងមុន
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាមានការកើនឡើង ហើយពួកគេក៏មានភាពក្លាហានក្នុងការបង្ហាញចាសាធារណៈ និងរស់នៅជាមួយគ្នាដោយមិនមានការហាមឃាត់ឡើយ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកម្មវិធីកិច្ចសន្ទនាអំពីការគាំទ្រ និងការលើកកម្ពស់ក្ដីស្រឡាញ់ចម្រុះរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលសហការរៀបចំដោយអង្គការសហគមន៍ឥន្ទធនូកម្ពុជា (ROCK) ក្រុមអ្នកស្ម័គ្រចិត្ត និងបណ្ដាញអង្គការសង្គមស៊ីវិលធ្វើការលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ កម្មវិធីនេះ មានគោលបំណងបង្ហាញការបន្តគាំទ្រ និងលើកកម្ពស់ភាពចម្រុះនៃសេចក្តីស្រឡាញ់ប្រកបដោយសមភាព បរិយាបន្ន និងភាពសុខដុម ព្រមទាំងដើម្បីរួមចំណែកជំរុញការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា។
តាមប្រភពខាងលើ លោក កែវ រ៉េមី បានលើកឡើងថា៖ “នៅក្នុងប្រទេសកម្ពុជា ស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដូចជា ពួកគាត់កាន់តែមានភាពក្លាហានហ៊ានបង្ហាញអត្តសញ្ញាណពិតរបស់ខ្លួនជាសាធារណៈ មានការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីក្នុងទម្រង់ផ្សេងៗដោយសេរី និងមានការរួមរស់នៅជាមួយគ្នាជាដៃគូជីវិតដោយគ្មានការហាមឃាត់ ជាដើម”។ លោកទេសរដ្ឋមន្ត្រី លើកឡើងពីវឌ្ឍនភាពនេះកើនឡើង ស្របពេលដែល ស្ថានភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅលើពិភពលោក ដែលមានប្រទេសខ្លះហាក់កំពុងដើរថយក្រោយ តែក៏មានប្រទេសខ្លះកំពុងរីកចម្រើនទៅមុខផងដែរ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ទៀតថា កម្ពុជា ត្រូវការពេលវេលាបន្ថែម ក្នុងការបញ្ជ្រាបការយល់ដឹងពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យមានការទទួលស្គាល់តាមផ្លូវច្បាប់ និងទទួលស្គាល់អាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាផងដែរ។
ក្នុងឱកាសនេះ លោក កែវ រ៉េមី បានស្នើដល់សាធារណជន កុំឱ្យមានការរើសអើង ឬប្រើអំពើហឹង្សាលើអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះពួកគេគ្រាន់តែចង់បាននូវក្ដីស្រឡាញ់ និងភាពកក់ក្ដៅប៉ុណ្ណោះ។ ចំណែក អ្នកស្រឡាញ់ភេទដូចគ្នាវិញ លោកក៏សំណូមពរ ត្រូវធ្វើជាពលរដ្ឋល្អក្នុងសង្គម ដើម្បីទទួលបានការទទួលស្គាល់ និងការឱ្យតម្លៃពីសាធារណជនទូទៅ ហើយអាចនាំឱ្យគោលដៅរបស់ខ្លួនសម្រេចនៅថ្ងៃណាមួយ៕



-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


