ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌សិក្សាជំរុញអនុវត្តន៍ទោសការងារសហគមន៍ដើម្បីកាត់បន្ថយភាពចង្អៀតពន្ធនាគារ
ក្រសួងយុត្ដិធម៌កំពុងរៀបចំពន្លឿនការដាក់អនុវត្តសាកល្បងទោសការងារសហគមន៍ ស្របពេលដែលពន្ធនាគារកម្ពុជាត្រូវបានមើលឃើញថាមានភាពចង្អៀតណែន។
ការពិនិត្យពន្លឿនដើម្បីដាក់អនុវត្តន៍ទោសការងារសហគមន៍នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ប្រាប់កម្ពុជាថ្មីថាទោសការងារសហគមន៍ត្រូវបានអនុញ្ញាតដោយក្រមព្រហ្មទណ្ឌដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០៩មកម្លេះ តែដោយសារបញ្ហាមួយចំនួនដូចជា សាធារណជនមិនទាន់យល់ និងខ្វះដែគូរទទួលយកទណ្ឌិតទៅធ្វើការងារសហគមន៍ទើបការអនុវត្តន៍ទោសនេះត្រូវបានអូសបន្លាយមកដល់ពេលនេះ។
លោកបានសរសេរឆ្លើយទៅនឹងសំណួររបស់កម្ពុជាថ្មីតាមសារអេឡិចត្រូនិកតេឡេក្រាមថា៖ «ក្រុមការងារក្រសួងយុត្តិធម៌ ដោយសហការជាមួយភាគីពាក់ព័ន្ធ កំពុងខិតខំព្យាយាម ដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាអាចដាក់ឱ្យអនុវត្តទោសការងារសហគមន៍នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេស ដើម្បីអាចនឹងជួយដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ»។

លោក សេង ឌីណា បញ្ជាក់ថាទោសការងារសហគមន៍នេះគឺអនុវត្តន៍បានតែចំពោះបទល្មើសស្រាលៗតែប៉ុណ្ណោះ ដែលអាចជួយឱ្យទណ្ឌិតក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមជាតិផង និងជួយដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារផងដែរ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ អង្គការលីកាដូទើបចេញរបាយការណ៍មួយស្ដីពីការចង្អៀតណែនក្នុងពន្ធនាគារកម្ពុជាដែលធ្វើឱ្យពន្ធនាគារមួយចំនួនដាក់អ្នកជាប់ឃុំលើសសមត្ថភាពដល់ទៅ២០០ភាគរយ ខណៈប្រទេសកម្ពុជាត្រូវបាន World Prison Brief ចាត់ចូលជាប្រទេសលំដាប់ទី២ដែលមានភាពចង្អៀតណែនពន្ធនាគារក្នុងពិភពលោក។

នាយកប្រតិបត្តិអង្គការលីកាដូលោក អំ សំអាត បានឱ្យដឹងថាភាពចង្អៀតណែនក្នុងពន្ធនាគារមិនទាន់មានការថយចុះនោះទេ ដែលជាការព្រួយបារម្ភមួយ ខណៈលោកស្វាគមន៍ចំពោះការជំរុញពន្លឿនការអនុវត្តន៍ទោសការងារសហគមន៍ពីសំណាក់ក្រសួងយុត្តិធម៌។
លោកថា៖ «យើងស្វាគមន៍ចំពោះយន្តការ ឬក៏នីតិវិធីក្នុងការកាត់ទោសការងារសហគមន៍នេះព្រោះថានេះជាចំណុចមួយដែលអង្គការលីកាដូចង់បាន»។

គិតត្រឹមឆ្នាំ២០២៤ ពន្ធនាគារកម្ពុជាដាក់ឃុំឃាំងអ្នកទោសមានចំនួនជាង៥ម៉ឺននាក់ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ខណៈអគ្គនាយកដ្ឋានពន្ធនាគារមានគម្រោងសាងសង់ពន្ធនាគារបន្ថែម ឬច្នៃបន្ទប់ពន្ធនាគារឱ្យធំជាងមុខដើមដោះស្រាយបញ្ហាប្រឈម ហើយវិធានការផ្ទេរអ្នកទោសពីពន្ធនាគារមួយទៅពន្ធនាគារមួយទៀតក៏ត្រូវធ្វើឡើងជាបន្តបន្ទាប់ផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


