ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប បង្កើនការបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្តសៀមរាប ធ្វើយ៉ាងណាបន្តពង្រឹង និងពង្រីកលើសកម្មភាពបង្ក្រាបក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ ខណៈដែលឆ្នាំ២០២៤ កន្លងទៅនេះ ខេត្តសៀមរាប ករណីក្មេងទំនើងមានការកើនឡើងគួរឱ្យកត់សម្គាល់។

ការជំរុញនេះធ្វើឡើង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅធំនៃការទទួលរៀបចំព្រឹត្តិការណ៍ និងកម្មវិធីធំៗ ដោយមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសនានា និងភ្ញៀវទេសចរផងនោះ ចូលមកជាប្រចាំ។ ក្នុងន័យនេះ ភារកិច្ចចាំបាច់ គឺជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ឱ្យខេត្តសៀមរាប សក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ក្នុងប្រទេសមានសុខសន្តិភាព។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់បំផុត បន្តប្រតិបត្តិការបង្រ្កាបឱ្យដល់ឬសគល់ ពិសេសចំពោះក្រុមក្មេងទំនើងដែលបានបង្កភាពចលាចលនៅក្នុងមូលដ្ឋាននានារបស់ខ្លួន។ លោកថា បញ្ហាក្មេងទំនើងនេះ សមត្ថកិច្ចក្រុងស្រុកទូទាំងខេត្តសៀមរាប ត្រូវបង្កើនការចុះល្បាតនៅតាមមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនដោយត្រូវត្រួតពិនិត្យជាប់ជាប្រចាំ និងគ្រប់គ្រងលើមុខសញ្ញានីមួយៗ ឱ្យបានច្បាស់លាស់ ពិសេសក្រុមក្មេងទំនើង ដើម្បីឈានដល់ការបង្ក្រាបទាន់ពេលវេលា ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលមុខសញ្ញាមានសកម្មភាពល្មើសច្បាប់។
បើតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ កន្លងទៅ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើងបានចំនួន ៤២លើក ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ២៣១នាក់។ ក្នុងចំណោម ៤២លើកខាងលើ ក្រុមក្មេងទំនើងបានបង្កភាពអាណាធិបតេយ្យ ៦ករណី, អំពើហិង្សា១៣ករណី, ធ្វើឱ្យខូចខាតដោយចេតនា៥ករណី, អំពើហិង្សាទៅវិញទៅមក ១២ករណី និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗទៀត ៧ករណី។ ដោយឡែក ចំពោះករណីគ្រឿងស្រវឹង សមត្ថកិច្ចធ្វើការបង្ក្រាបបានចំនួន ៣១០លើក កើនឡើង ២២លើក ធៀបនឹងឆ្នាំ២០២៣ និងឃាត់ខ្លួនមនុស្សបានចំនួន ២ ៤៦៦នាក់ ស្រី១៨១នាក់៕



ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


