ព័ត៌មានជាតិ
ដំណើរការសាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្តព្រះសីហនុ បន្តវឌ្ឍនភាពទៅមុខ
គម្រោងអភិឌ្ឍតំបន់ពាណិជ្ជកម្ម និងសណ្ឋាគារផ្កាយ ៥ នៅខេត្តព្រះសីហនុ (Peninsula Bay) កំពុងវឌ្ឍនភាពឆ្ពោះទៅមុខទៅតាមផែនការដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២៨។


កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យគម្រោង ផឹនីនស្យ៊ូឡឺ បេ (Peninsula Bay) និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគក្នុងវិស័យទេសចរណ៍ អចលនទ្រព្យ និង ឧស្សាហកម្ម ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី។
បើតាមមន្រ្តីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ការចុះពិនិត្យនេះគឺជាសកម្មភាពមួយនៃភារកិច្ចស្នូលរបស់ក្រុមការងារ បន្ទាប់ពីការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ ក្នុងគោលដៅតាមដាន និង ជំរុញការអនុវត្តគម្រោង និង ស្តាប់សំណូមពរ និង បញ្ហាប្រឈមនានា ពីអ្នកអនុវត្ត និង វិនិយោគិន។

គម្រោង Peninsula Bay របស់ក្រុមហ៊ុន PENINSULA BAY INVESTMENT គឺជាគម្រោងវិនិយោគចម្រុះដែលមានការសាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមបណ្តោយទីលានសម្តេចតេជោ មានទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាមេរិក ដែលបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៤ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨។
ទីតាំងគម្រោងមានទំហំ ១៥៨ ៦៣៣ ម៉ែត្រការ៉េ សម្រាប់បម្រើដល់ការសាងសង់សណ្ឋាគារផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់, សួនទឹកកម្សាន្ត និង សាលប្រជុំខ្នាតធំ, ផ្សារទំនើប, អគារពាណិជ្ជកម្មចំនួន ៥ កម្ពស់ ៣២ ជាន់ និង អគារស្នាក់នៅរួម ចំនួន ៤ អគារ កម្ពស់ ៣២ ជាន់។


គម្រោងទាំងមូលកំពុងមានសកម្មភាពសាងសង់សស្រាក់សស្រាំ លឿន និង អាចបញ្ចប់តាមការគ្រោងទុក។ នេះបើតាមមន្រ្តីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ជាមួយនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញទីតាំងគម្រោងបន្ថែមទៀត ខណៈដែលម្ចាស់គម្រោងមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និង ការសម្របសម្រួល និង ជួយដោះស្រាយបញ្ហាប្រឈមបានឆាប់រហ័ស និង មានប្រសិទ្ធភាព ជាពិសេសការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


