ព័ត៌មានជាតិ
បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង
បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លើកឡើងថា ប្រទេសជប៉ុនបានជួយផ្លាស់ប្ដូរជីវិតរបស់លោក តាមរយៈការបណ្ដុះបណ្ដាល ផ្ដល់ចំណេះ។ លោក ថាបើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ ពោលគឺមុនពេលដែលរបបប៉ុលពតចូលកាន់កាប់រាជធានីភ្នំពេញទេ ប្រហែលជាត្រូវរបបខ្មែរក្រហមកាប់សម្លាប់ ឬចោលឆ្អឹងនៅក្នុងគុកទួលស្លែងដូចមនុស្សជាច្រើនទៀត។

បណ្ឌិត ម៉ី កល្យាណ អតីតនិស្សិតអាហារូបករណ៍សិក្សានៅប្រទេសជប៉ុនកាលពី៥០ឆ្នាំមុន លើកឡើងបែបនេះ នៅក្នុងធ្វើបាឋកថា ដើម្បីអបអរសាទរនូវខួប៥០ឆ្នាំនៃការសិក្សានៅប្រទេសជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅចំពោះមុខនិស្សិតជាប់អាហារូបករណ៍៣៤រូប និងមន្ត្រីរាជការ និងភ្ញៀងកិត្តិយសជាច្រើន។

លោកបណ្ឌិត ម៉ី កល្យាណ អតីតនិស្សិតអាហារូបករណ៍ទៅសិក្សាជប៉ុន ថ្លែងដូច្នេះ៖«ការទៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៧៤ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនបានទៅប្រទេសជប៉ុននៅពេលនោះ ប្រហែលជាឆ្អឹងរបស់ខ្ញុំនឹងស្ថិតនៅក្នុងសារមន្ទីរទួលស្លែងដូចមនុស្សជាច្រើនក្នុងជំនាន់របស់ខ្ញុំបានជួបប្រទះ»។

គួរជ្រាបថា លោកបណ្ឌិត ម៉ី កល្យាណ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ គឺជាអតីតនិស្សិតអាហារូបករណ៍ជប៉ុនដែលសិក្សានៅសាកលវិទ្យាល័យកូបេកាលពី៥០ឆ្នាំមុន។

បន្ទាប់ពីទទួលបានការសិក្សានៅប្រទេសជប៉ុន លោកបណ្ឌិត ម៉ី កល្យាណ ឱ្យដឹងថា បានធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយរបស់ប្រទេសជប៉ុន Tokyo។ ទៅសិក្សានៅអាមេរិកម្តងទៀត ធ្វើការនៅ UN នៅប្រទេសអ៊ីតាលីរយៈពេល២០ឆ្នាំ ធ្វើទស្សនកិច្ចទៅប្រទេសប្រហែល ១០០ រួចត្រឡប់មកកម្ពុជាវិញ ហើយធ្វើកិច្ចការផ្សេងៗតាមដែលអាចធ្វើបាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលនេះជាមោទនភាពមួយសម្រាប់ជប៉ុន។
បណ្ឌិត ម៉ី កល្យាណ រម្លឹកថា ជីវិតរបស់លោកកាលពីអតីតកាលអនុញ្ញាតឱ្យលោកទទួលបានបទពិសោធន៍ក្នុងវិស័យជាច្រើនដូចជា វិស័យឯកជន អង្គការសហប្រជាជាតិ រដ្ឋាភិបាល និងធ្វើសកម្មភាពជាក់ស្តែងផ្សេងៗ ហើយឥឡូវនេះលោក បាននិងកំពុងប្រើប្រាស់បទពិសោធន៍ទាំងនេះសម្រាប់ភាពប្រសើរឡើងនៃប្រទេសកម្ពុជា និងធ្វើឱ្យទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសជប៉ុន អាស៊ី និងពិភពលោកកាន់តែប្រសើរឡើង។

លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា វាយតម្លៃថា ចាប់តាំងពីបណ្ឌិត ម៉ី កល្យាណ ឈានចូលសាកលវិទ្យាល័យកូបេ នៅប្រទេសជប៉ុន កាលពី៥០ឆ្នាំមុន លោក ម៉ី កល្យាណបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងស្ពានមេត្រីភាពរវាងជប៉ុន និងកម្ពុជា។ ឯកអគ្គរាជទូត ជឿជាក់ថាដំណើរក្នុងការកសាងស្ពានមេត្រីភាពមួយនេះ ពិតជាជួបការលំបាកមិនតិចទេ ប៉ុន្តែការខិតខំប្រឹងប្រែង និងចំណង់ចំណូលចិត្តរបស់លោក ម៉ី កល្យាណ បានធ្វើឱ្យលោកបណ្ឌិតក្លាយជាបុគ្គលគំរូដ៏មានតម្លៃម្នាក់ សម្រាប់សិស្សនិស្សិតអន្តរជាតិជាច្រើន ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងក ពង្រឹងការយល់ដឹងរបស់កម្ពុជា អំពីប្រទេសជប៉ុនឱ្យកាន់តែស៊ីជម្រៅ។ បទពិសោធន៍ និងគតិបណ្ឌិតរបស់បណ្ឌិត ម៉ី កល្យាណ នឹងក្លាយជាមគ្គុទ្ទេសក៍ដ៏មានតម្លៃសម្រាប់សិស្សនិស្សិត ដែលចាប់អារម្មណ៍ក្នុងការសិក្សានៅបរទេសនាពេលអនាគត។

ក្នុងពេលថ្លែងបាឋកថា លោកបណ្ឌិត ម៉ី កល្យាណ អតីតនិស្សិតសិក្សានៅជប៉ុន ណែនាំឱ្យនិស្សិតកម្ពុជាចំនួន៣៤រូប ដែលជាប់អាហារូបករណ៍ទៅសិក្សានៅជប៉ុននាឆ្នាំនេះ ត្រូវបើកចិត្តរបស់អ្នក ហើយសង្កេតដោយមិនលំអៀងដើម្បីស្វែងរកការពិត, ចេះបែងចែកពេលវេលាសម្រាប់ខិតខំសិក្សា និងសម្រាកលំហែឱ្យស្មើគ្នា ដើម្បីសុខភាព,ចំណាយពេលច្រើនដើម្បីយល់ភាសា និងវប្បធម៌ជប៉ុន និងបន្ទាប់ពីបានរៀនចប់ហើយ សូមត្រឡប់មកវិញជួយអភិវឌ្ឍប្រទេសកម្ពុជាផង និងធ្វើជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន តាមវិធីណាក៏ដោយដែលអ្នកអាចធ្វើបាន។

គួរឱ្យដឹងថា កម្ពុជា និងជប៉ុន ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា កាលពីឆ្នាំ១៩៥៣ ដែលរាប់មកដល់ឆ្នាំ២០២៣នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់វ័យ៧២ ឆ្នាំ។ ក្រោយភ្ជាប់ទំនាក់ទំនងជាមួយគ្នា ជប៉ុនបានជួយកម្ពុជាជាច្រើនវិស័យ។ សម្រាប់វិស័យអប់រំ រាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍សម្រាប់យុវជនកម្ពុជាជាង១ ៥០០នាក់ ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន៕៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


