ព័ត៌មានជាតិ
សហជីពនៅកម្ពុជាថា ការដំឡើងពន្ធអាមេរិក នឹងមិននាំដល់ការរើរោងចក្រ ធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ការងារទេ
សហជីពនៅកម្ពុជាថា ការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជានឹងមិនធ្វើឱ្យពលរដ្ឋកម្ពុជាបាត់បង់ការងារធ្វើនោះទេ ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា បើទោះជាអាមេរិកដំឡើងពន្ធដល់កម្ពុជាក៏ដោយ ក៏ការនាំចេញទៅអាមេរិក គឺយើងនៅតែចំណេញក្នុងកម្រិតខ្ពស់ ព្រោះការផលិតនៅកម្ពុជាមានតម្លៃធូរថ្លៃ។
ប្រធានសហភាពរូបនេះបានបន្តថា ការដាក់ពន្ធរបស់អាមេរិកក៏អាចជាឱកាសសម្រាប់អ្នកវិនិយោគិនក្នុងការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនផងដែរ “ការដាក់ពន្ធរបស់អាមេរិកមកកម្ពុជាគឺផ្តល់ឱកាសពីរសម្រាប់កម្ពុជា ឱកាសទីមួយសម្រាប់កម្ពុជា គឺជួនកាលការចរចារពន្ធជាមួយអាមេរិកអាចធ្វើឱ្យការនាំចូលនាំចេញរវាងខ្មែរនិងអាមេរិកកើនឡើងជាងមុន ប្រសិនជាមានការចរចាណាមួយអាចទទួលយកបាន ឯឱកាសមួយទៀតគឺក្រុមអ្នកវិនិយោគទាំងអស់នោះ ព្យាយាមរកទីផ្សារបន្ថែមនៅតាមបណ្តាប្រទេស ដើម្បីកុំឱ្យងាប់ក្រឡា។
ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា បើទោះជាអាមេរិកដាក់ពន្ធមកលើកម្ពុជាក៏ដោយ ក៏មិនមានការរើរោងចក្រនោះទេ ព្រោះអាមេរិកមិនមែនដាក់សម្ពាធតែលើកម្ពុជានោះទេ គឺដាក់ទាំងបណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ាន ហើយវាក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយ សិទ្ធមនុស្ស ឬការដាក់សម្ពាធលើប្រទេសណាមួយនោះដែរ។
លោកបានបន្ថែមថា ការបញ្ជាទិញពីរោងចក្រផ្សេងៗក៏ត្រូវបានកំណត់រួចមកហើយដែរ សម្រាប់ពេលប៉ុន្មានឆ្នាំបន្ទាប់ “ទូទៅការបញ្ជាទិញគឺមានការចុះកិច្ចព្រមព្រៀង លើវិស័យកាត់ដេរ អាចមួយឆ្នាំម្តង ឬក្រុមហ៊ុនខ្លះចុះកុងត្រាពីរឆ្នាំម្តង វិស័យស្បែកជើងអាច ៣ឆ្នាំម្តង ដូច្នេះផងប៉ះពាល់យើងគឺតិចដែរ ទី១ ឆ្នាំ២០២៥នេះ ឬ២០២៦ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ វាអាចដល់ចុងឆ្នាំ២០២៦ ឬ ២០២៧ គឺវាអាចធ្វើឱ្យវិស័យមួយនេះរងផងប៉ះពាល់ ទន្ទឹមនឹងផងប៉ះពាល់ទាំងអស់នោះ យើងគិតថាពិភពលោកនឹងវិលត្រឡប់មកធម្មតាវិញ ឬមានការដំឡើងពន្ធតិចតួចប៉ុណ្ណោះ ដែលអាចឱ្យប្រទេសជាតិនីមួយៗអាចរស់បាន”។
ទោះបីជាយ៉ាងណា ប្រធានសហជីពទាំងពីររូបបានអំពាវនាវឱ្យប្រជាជនខ្មែរ និងបងប្អូនកម្មករនិយោជិតទាំងអស់ត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយបំពេញតួនាទីការងារ ភារកិច្ចរបស់ខ្លួន ព្រោះកម្ពុជានៅតែមានភាពលេចធ្លោ និងមានភាពទាក់ទាញជាងប្រទេសដែលជាដៃគូប្រកួតប្រជែង។
បើយោងតាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាការដាក់ពន្ធរបស់អាមេរិកមកលើកម្ពុជាគឺកម្ពុជានៅតែអាចគ្រប់គ្រងបាន ហើយវាមិនប៉ះពាល់ ១០០% ដល់វិស័យនាំចេញរបស់យើងទេ។ បន្ថែមពីនេះ គឺក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺកម្ពុជាបាននាំចេញទៅអឺរ៉ុបច្រើនជាងអាមេរិក។
យ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការជាមួយអាមរិក និងបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិតកម្មរបស់យើង៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


