ព័ត៌មានជាតិ
៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកោះកុង មានភ្ញៀវទេសចរជិត ៥ ម៉ឺននាក់ មកលងកម្សាន្ត
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត ៥ ម៉ឺននាក់ បានមកស្នាក់នៅលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ នៅខេត្តកោះកុង។

រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខេត្តកោះកុង មានភ្ញៀវជាតិចំនួន ៤៦.៨៤៦ នាក់ និងភ្ញៀវអន្តរជាតិចំនួន ២.៤២៣ នាក់ សរុបចំនួន ៤៩.២៦៩ នាក់ កើន ២ ម៉ឺន ៩ ពាន់នាក់ ស្មើនឹង ១៤៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ ២០២៤។ ដោយឡែកតំបន់ពិធីសង្ក្រាន្តឆ្នាំថ្មី មុខសាលាខេត្ត ក៏មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាំគ្នាមកលេងកម្សាន្តចំនួន ៣ សែន ៣ ម៉ឺននាក់ ផងដែរ អំឡុងពេល ៣ ថ្ងៃ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ថា ឆ្នាំនេះ លំហូរអ្នកទេសចរមកស្នាក់នៅលេងកម្សាន្តច្រើនគួរឱ្យកត់សម្គាល់ ដោយសារតែរដ្ឋបាលខេត្តកោះកុងបានរៀបចំការប្រគំតន្ត្រី តំបន់លេងល្បែងប្រជាប្រិយ ពិព័រណ៍អាហារបែបខ្មែរ តំបន់ត្រជាក់ចិត្ត និងពិធីស្រង់ទឹកព្រះពុទ្ធរូប។ ម្យ៉ាងទៀត អាកាសធាតុក៏អំណោយផលល្អ បូករួមផ្លូវជាតិលេខ ១០ និងផ្លូវជាតិលេខ ៤៨ ស្ថាបនាជិតរួចរាល់ជាស្ថាពរ។

លោក សុខ ចាន់គ្រឹះស្នា អះអាងដែរថា គោលដៅអ្នកទេសចរទៅលេងកម្សាន្តច្រើនជាងគេ គឺទី១ មុខសាលាខេត្ត ព្រោះមានកម្មវិធីកម្សាន្តជាច្រើន តំបន់ឆ្នេរឃុំជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់ទេសចរកោះស្តេច ស្រុកគីរីសាគរ។ ក្រុមប្រតិបត្តិករ សេវាករ និងអាជីវករមួយចំនួនធំ បានរក្សាតម្លៃសេវារបស់ខ្លួនបានយ៉ាងល្អជូនអតិថិជន និងខ្លះទៀតបានបន្តដំឡើងថ្លៃសេវាស្នាក់នៅហូបចុក ប៉ុន្តែដំឡើងក្នុងតម្លៃទទួលយកបានពីភ្ញៀវទេសចរប៉ុណ្ណោះ។

លោកឧត្ដមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ថ្លែងដែរថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៣ ថ្ងៃនេះ ប្រព្រឹត្តទៅដោយភាពល្អប្រសើរ ពុំមានបាតុភាពអសន្តិសុខអ្វីកើតមានឡើងទេ ពោលគឺលោកចាត់ចែងបញ្ជាកងកម្លាំងជំនាញពង្រាយទៅតាមតំបន់ប្រារព្ធពិធីកម្សាន្តរីករាយ និងតំបន់សហគមន៍ទេសចរណ៍។

លោកស្នងការនគរបាលខេត្ត ធ្លាប់លើកឡើងថា មិនអនុញ្ញាតឱ្យពលរដ្ឋ ឬយុវជនលេងជះទឹក ប៉ាតម្សៅ ដែលខុសទីតាំងដែលអាជ្ញាធរកំណត់រៀបចំលេងនោះទេ ករណីបង្កភាពអសណ្ដាប់ធ្នាប់ណាមួយនឹងមានវិធានការច្បាប់ជាក់ជាពុំខាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


