ព័ត៌មានជាតិ
ហាប់ស្វែល ផ្តល់អាហារូបករណ៍ កន្លែងស្នាក់នៅ ការសិក្សា ដល់សិស្សនារីតាមបណ្តាខេត្តដែលចង់បន្តការសិក្សានៅភ្នំពេញ
មូលនិធិហាប់ស្វែល បានប្រកាសពីការបើកទទួលពាក្យអាហារូបករណ៍ឆ្នាំសិក្សា ២០២៥-២០២៦ដល់សិស្សនារីដែលកំពុងសិក្សាថ្នាក់ទី១២ និងសិស្សនារីដែលជាប់បាក់ឌុបរួចហើយ តែមិនបានរៀនបន្ត នៅតាមបណ្តាខេត្ត ដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅភ្នំពេញ ដោយទទួលបានកន្លែងស្នាក់នៅ និងវគ្គសិក្សាផ្សេងៗ ក្នុងអន្តេវាសិកដ្ឋាន ដើម្បីជួយសម្រាលបន្ទុក និងជួយពង្រឹងសមត្ថភាពបន្ថែមអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ។

អាហារូបករណ៍នេះ នឹងផ្តល់ជាកន្លែងស្នាក់នៅដោយឥតគិតថ្លៃប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់ រួមជាមួយការផ្តល់ជូនអាហារប្រចាំថ្ងៃ។ បន្ថែមពីនេះ ក្រៅពីកន្លែងស្នាក់នៅ និងអាហារ សិស្សនារី នឹងទទួលបានការសិក្សាជាច្រើនទៀតនៅក្នុងអន្តរវាសិកដ្ឋាន មានដូចជា ការសិក្សាភាសាអង់គ្លេស ភាសាបារាំង ថ្នាក់កំព្យូទ័រ ការពិភាក្សាដេញដោល សំណេរវិភាគ ពលរដ្ឋវិទ្យា ការសិក្សាត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជាច្រើនទៀត។
បើតាមមូលនិធិហ្វាប់ស្វែល បានបញ្ជាក់ថា លក្ខខណ្ឌនៃការជ្រើសរើស សិស្សនារី ជាសិស្សពូកែនៅក្នុងថ្នាក់ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុប, ជាសិស្សដែលសកម្មក្នុងការចូលរួម និងយល់ដឹងពីកិច្ចការសង្គម, មានមូលដ្ឋានចំណេះដឹងភាសាអង់គ្លេស ហើយក៏ជាសិស្សដែលមានទស្សនវិស័យសម្រាប់ខ្លួនឯង និងប្រទេសជាតិ។ ចំពោះដំណើរការនៃការជ្រើសរើសវិញ បេក្ខនារីដែលបានដាក់ពាក្យ ត្រូងឆ្លងកាត់ការប្រឡងវិញ្ញាសាសរសេរ និងសម្ភាស ដែលនឹងចាប់ផ្តើមធ្វើនៅអំឡុងខែ មិថុនា។ បន្ទាប់ពីបញ្ចប់ការប្រឡង និងសម្ភាស មូលនិធិហាប់ស្វែល នឹងប្រកាសឈ្មោះអ្នកដែលបានជាប់ជុំទី១ នៅលើទំព័រហ្វេសប៊ុក Harpswell ។ រីឯ សេចក្តីសម្រេចជាស្ថាពរនៃការជ្រើសរើសនឹងធ្វើឡើងបន្ទាប់ពីបេក្ខនារីទទួលបានលទ្ធផលពីការប្រឡងបាក់ឌុបរបស់ខ្លួន។ សម្រាប់សិស្សនារីដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ ៖ https://link.moeys.gov.kh/9phbu0 ។ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
សូមជម្រាបថា អន្តេវាសិកដ្ឋានហាប់ស្វែល មាន ២ទីតាំង ក្នុងរាជធានីភ្នំពេញ ទីតាំងទី១ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបានបើកទទួលសិស្សដំបូងនៅឆ្នាំ២០០៦ បន្ទាប់មកក៏បាន បង្កើតទីតាំងទី២ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានទទួលសិស្សសម្រាប់ទីតាំងទី២ ក្នុងឆ្នាំ២០១០។ អន្តេវាសិកដ្ឋាននេះ ត្រូវបានបង្កើតឡើងដោយលោកបណ្ឌិត Alan Lightman ជនជាតិអាមេរិក ដែលជាសាស្ត្រាចារ្យផ្នែករូបវិទ្យា និងជាអ្នកនិពន្ធ មួយរូប។ លោកបានរៃអង្គាសប្រាក់ពីសប្បុរសជននានាដើម្បីបង្កើតមូលនិធិនេះ ក្នុងគោលបំណងជំរុញឱ្យសិស្សនារីមកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា ទទួលបានការសិក្សាបន្តនៅសាកលវិទ្យាល័យ និងមានកន្លែងស្នាក់នៅដែលមានសុវត្ថិភាពខ្ពស់។

អ្នកស្រី មូល សំនៀង នាយិកាប្រចាំប្រទេសកម្ពុជានៃមូលនិធិហាប់ស្វែល បានប្រាប់មក កម្ពុជាថ្មី ថា បច្ចុប្បន្ន ហាប់ស្វែល មាននិស្សិតចំនួន ៧៣នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅអន្តេវាសិកដ្ឋានទាំង២ទីតាំង។ ចាប់ផ្តើមពីនិស្សិតចូលសិក្សាតាំងពីឆ្នាំ២០១០ គិតរហូតដល់ ខែកក្កដា ឆ្នាំ២០២៤ ហាប់ស្វែល មាននិស្សិតបញ្ចប់ការសិក្សាចំនួន ២៥៤នាក់ ក្នុងនោះ និស្សិតដែលបញ្ចប់ការសិក្សាចំនួន ១០៧នាក់ បានទទួលអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ទាំងក្នុង និងក្រៅប្រទេស។ នសិ្សតដែលទទួលបានអាហារូបករណ៍ មានឱកាសបានសិក្សានៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក តំបន់អាស៊ី និងអ៉ឺរ៉ុបផងដែរ។
អ្នកស្រី មូល សំនៀង បន្ថែមថា និស្សិតដែលបញ្ចប់ការសិក្សានៅ ហាប់ស្វែល គឺទទួលបានការងារធ្វើ ១០០% ដោយពួកគេចូលបម្រើការជាមេធាវីក្នុងក្រុមហ៊ុនច្បាប់ ជាអ្នកគ្រប់គ្រងក្នុងអង្គការមិនមែនរដ្ឋាភិបាល ជាអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ជាបុគ្គលិកក្នុងជួររដ្ឋាភិបាល ជាគ្រូបង្រៀន និងជាសហគ្រិន ជាដើម។

សម្រាប់អាហារូបករណ៍នេះ អ្នកស្រី សំនៀង យល់ថា ពិតជាមានសារសំខាន់ណាស់ដល់សិស្សនារីដែលចង់បន្តការសិក្សានៅភ្នំពេញ ដែលទទួលបានកន្លែងស្នាក់នៅសុវត្ថិភាព និងការបណ្តុះបណ្តាលជាច្រើន។ អ្នកស្រី បញ្ជាក់ថា៖ “និស្សិតរបស់យើងទទួលបាននូវការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ក្នុងនោះពួកគាត់សិក្សាកម្មវិធីដែលយើងរៀបចំជូននៅក្នុងអន្តេវាសិកដ្ឋាន ដែលធ្វើឱ្យពួកគាត់ទទួលបានចំណេះដឹងទូលំទូលាយ និងបង្កើនសមត្ថភាពក្នុងការត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ ពោល គឺធ្វើឱ្យពួកគាត់ក្លាយជាពលរដ្ឋដែលចេះផ្តើមគំនិតស្វែងយល់អំពីពិភពលោកជុំវិញខ្លួន ដើម្បីឱ្យពួកគេក្លាយជាសមាជិកសង្គមដែលចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព” ៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


