ព័ត៌មានជាតិ
មន្ទីរពេទ្យធំ ៣ នៅកម្ពុជា ឯកទេសព្យាបាលជំងឺមហារីក
ជំងឺមហារីក បានក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូច្នេះហើយ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដោយចាត់ទុកជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារនិងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។

បើតាមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ គឺផ្តោតជាចម្បងលើការលើកកម្ពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមនានា ពិសេសការពិនិត្យ និងស្រាវជ្រាវឱ្យឃើញនូវជំងឺមហារីកដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យទាន់ពេលវេលា។ បើតាមរបាយការណ៍ប្រចាំឆ្នាំបង្ហាញថា កម្ពុជាមានអ្នកកើតជំងឺមហារីកជារៀងរាល់ឆ្នាំប្រមាណ ២មុឺនករណី។ ក្នុងមួយឆ្នាំមានពលរដ្ឋកម្ពុជាជាង១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីក ពោលគឺពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយជំងឺមហារីករៀងរាល់៤០នាទីម្ដង។
ដោយឡែក ងាកមកសេវាព្យាបាលមហារីកនៅកម្ពុជាវិញ គឺមានមន្ទីរពេទ្យធំ ៣ កំពុងដំណើរការព្យាបាលជំងឺមហារីក រួមមាន មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
១. មន្ទីរពេទ្យ ហ្លួងម៉ែ
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងកំណត់ភាពចាំបាច់លើការធ្វើទំនើបកម្មនៅមន្ទីរពេទ្យហ្លួងម៉ែ ឱ្យប្រែក្លាយជាកន្លែងព្យាបាលជំងឺមហារីកថ្នាក់ជាតិដំបូងគេ ក្នុងការផ្ដល់សេវាព្យាបាលស្ដង់ដារកម្រិតខ្ពស់ ជាមួយគ្រូពេទ្យជំនាញ ខណៈពលរដ្ឋអាចស្វែងរកការព្យាបាល និងពិគ្រោះយោបល់បានកាន់តែទូលាយ។
ចំពោះសេវាកម្ម មន្ន្ទីរពេទ្យផ្តល់លើការពិនិត្យ និងពិគ្រោះជំងឺក្រៅ ដែលមានដូចជាការពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening), ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV), ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទង នឹងរោគស្ត្រី (មាត់ស្បូន, សុដន់, ក្រពេញអូវែរ, ស្បូន), ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង) ប្រព័ន្ធទឹកម៉ូត្រ និងប្រព័ន្ធដង្ហើម ជាដើម។


២. មន្ទីរពេទ្យ កាល់ម៉ែត
មន្ទីរពេទ្យធំមួយនេះ គឺជាមន្ទីរពេទ្យកម្រិតឧត្តម ដែលមានបេសកកម្មចម្បង ៣ ដោយផ្តោតលើគុណភាពនៃការថែទាំ ការអប់រំវិជ្ជាជីវៈសុខាភិបាល និងស្រាវជ្រាវ។ ទាក់ទងនឹងសេវាព្យាបាលឯណេះវិញ មន្ទីរពេទ្យនេះ មានផ្នែកឯកទេសជាច្រើន ដែលអាចឆ្លើយតបនឹងតម្រូវការសង្គ្រាះបន្ទាន់គ្រប់ផ្នែក មិនថាការវះកាត់បេះដូង; សរសៃប្រសាទ; ឆ្អឹងកង; សិរីរាង្គផ្នែកក្រោម (តម្រងនោម ប្រូស្តាត…); ប្រព័ន្ធរំលាយអាហារ (hepato-gastro-enterology) ឬការវះកាត់មហារីកទូទៅនោះទេ។ ក្រៅពីសេវាកម្មព្យាបាលជំងឺទាំងនេះ មន្ទីរពេទ្យកាល់ម៉ែត នៅមានផ្នែកសម្ភព និងការថែទាំទារក ក៏ដូចជាការព្យាបាលលើបញ្ហាសរសៃប្រសាទផងដែរ។
បច្ចុប្បន្ន មន្ទីរពេទ្យឯកទេសមួយនេះ ផ្តល់លើសេវាកម្មព្យាបាលមហារីកមួយចំនួន ដូចជា មហារីកសុដន់, មហារីកផ្នែកក្បាល និងក, មហារីកសួត, មហារីករោគស្ត្រី, ដុំសាច់ក្នុងខួរក្បាល, មហារីកសាច់ដុំ, មហារីកគ្រាប់ឈាម, មហារីកកូនកណ្តុរ, មហារីកប្រព័ន្ធរំលាយអាហារ (Gastrointestinal Cancer), មហារីកប្រព័ន្ធទឹកនោម និងសរីរាង្គបន្តពូជបុរស (Genitourinary cancer) ក៏ដូចជាជាលិកាមហារីកដែលវិវត្តន៍ក្នុងកោសិកាប្លាស្មាក្នុងខួរឆ្អឹង និងបញ្ហាសរីរាង្គបង្កើតឈាមជាដើម (Myeloma និង Hematology disease)។


៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ទាក់ទងនឹងសេវាព្យាបាលនៃមន្ទីរពេទ្យរដ្ឋមួយនេះ ក៏មិនខុសគ្នាពីមន្ទីរពេទ្យធំខាងលើដែរ។ ក្រៅពីសេវាព្យាបាលជំងឺទូទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏ផ្តល់នូវការថែទាំនិងព្យាបាលលើជំងឺមហារីក ដែលរូមមានដូចជា មហារីកសួត មហារីកមាត់ស្បូន ក៏ដូចជាជំងឺមហារីកផ្សេងទៀតផងដែរ។ ក្នុងនោះ មន្ទីរពេទ្យរដ្ឋនេះ ក៏មានមជ្ឈមណ្ឌលលាងឈាម ដែលផ្តល់ជូនសេវាចាំបាច់និងសំខាន់សម្រាប់អ្នកជំងឺដែលមានបញ្ហាតម្រងនោមដូចជា សេវាលាងឈាម (Hemodialysis), សម្រាកព្យាបាល និងតាមដានជំងឺតម្រងនោម, ច្រឹបសាច់តម្រងនោម ( Kidney Biopsy), ចាក់ម្ជុលលាងឈាម ( Insert Hemodialysis Central Veinous Cather) និងការពិគ្រោះជំងឺតម្រងនោម ជាដើម៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


