ព័ត៌មានជាតិ
យោធិនពលី សួន រ៉ោន ត្រូវតម្លើងឋានន្តរស័ក្តិពី «ព្រិន្ទបាលឯក» ទៅជា «អនុសេនីយ៍ឯក ឬស័ក្ដិ៣» ជាកិច្ចបច្ឆាមរណៈ
ព្រិន្ទបាលឯក សួន រ៉ោន ដែលបាត់បង់ជីវិតព្រោះការឈ្លានពាន និងបាញ់សម្លាប់ពីសំណាក់កងទ័ពថៃ កាលពីថ្ងៃម្សិលមិញ នៅក្នុងលេណដ្ឋាន ត្រូវបានតម្លើងឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ក្នុងឋានៈជា អនុសេនីយ៍ឯក។ ពិធីបំពាក់ឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគម៍លេខ៣។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែប យ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

យោធិនពលី សួន រ៉ោន ជាយុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ បានបាត់បង់ជីវិត នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ព្រោះតែការឈ្លានពាន និងបាញ់ប្រហារពីសំណាក់កងទ័ពថៃមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងកម្ពុជា តាំងពីយូរលង់ណាស់មកហើយ។

ជុំវិញការបាត់បង់យោធិន សួន រ៉ោន សហការី នាយទាហាន នាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃកងពលតូចអន្តរាគមន៍ចំណុះទាំង៣ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងវត្តមានដ៏ខ្ពង់ខ្ពស់ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះវិហារ និងគ្រប់ស្ថប័នចំណុះខេត្តព្រះវិហារ ចូលរួមគោរពវិញ្ញាក្ខន្ធ និងរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះគ្រួសារលោក សឹង ឈួន និងលោកស្រី ឯម ហៀប ត្រូវជាឳពុកម្តាយ និងបងប្អូនកូនក្មួយ នៃសព។

កងពលធំអន្តរាគមន៍ចំណុះទាំង៣នៃកងទ័ពជើងគោក ចាត់ទុកការពលីជីវិតរបស់លោកអនុសេនីយ៍ឯក សួន រ៉ោនថាជាការបាត់បង់វីរយុទ្ធជនដ៏ឆ្នើមមួយរូបដែលជានិច្ចកាល តែងតែលះបង់ប្តូរផ្តាច់ មានឆន្ទៈមនសិការមោះមុត អង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់លះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ និងបម្រើប្រជាជាតិមាតុភូមិកម្ពុជា។ ទោះបីរូបកាយរបស់លោក អនុសេនីយ៍ឯក សួន រ៉ោន បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ ការលះបង់ អំណត់អត់ធន់និងស្នាដៃរបស់លោក ស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍៕
ដោយ៖ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ