ព័ត៌មានជាតិ
ជំនួបក្នុងប្រទេសជប៉ុន ប្រមុខការទូតកម្ពុជា-ថៃ អះអាងពីការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ក្នុងឱកាសអមថ្នាក់ដឹកនាំចូលរួមវេទិកានីកកេ នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានជួបគ្នាដើម្បីជជែកពីការដោះស្រាយបញ្ហាព្រំដែន ដែលបានកើតឡើងពេលថ្មីៗនេះ រវាងកងទ័ពប្រទេសទាំងពីរ។ ជំនួបក្នុងប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ បានអះអាងពីការបន្តប្រើយន្តការចរចាដោយសន្តិវិធីទៅលើដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ។

ការអះអាងរបស់ភាគីទាំងពីរ បានធ្វើឡើងបន្ទាប់មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំបី ស្ថិតក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានលបបាញ់ប្រហារកងទ័ពកម្ពុជាលើលេណដ្ឋានតែម្ដង កាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ។

ស្ថិតនៅក្នុងសភាពការណ៍តានតឹងបែបនេះ មេដឹកនាំរបស់កម្ពុជា និងថៃ បានប្រាស្រ័យទាក់ទងគ្នាជាបន្តបន្ទាប់ រហូតមានជំនួបដោយផ្ទាល់មួយរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ។ បន្ទាប់ពីជំនួបនេះ គឺសភាពការណ៍ ក៏បានវិលត្រឡប់ទៅរកស្ថានភាពដើមវិញ។ នេះជាអះអាងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសទាំងពីរ ក្នុងជំនួបនៅប្រទេសជប៉ុនបានលើកឡើងពីភាពវិជ្ជមានតាមរយៈកិច្ចចរចាជាបន្តបន្ទាប់ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាភ្លាមៗរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ យោគយល់ និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះ ដែលកើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន។

ការងារបន្តចំពោះមុខ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគោរពតាមអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្ដីពីវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា និងថៃ ក៏ដូចជាការប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ ដោយធ្វើយ៉ាងណាឱ្យមានការជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីៗនេះ។
ជាមួយនឹងការប្តេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រមុខការទូត លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។
គួរជម្រាបថា ក្រោយជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ភាគីទាំងពីរ បានឯកភាព បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពីរ ក៏ឯកភាពឱ្យបន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយបញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ហើយស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
តែយ៉ាងណា កម្ពុជា បានប្រកាសថា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ដោយកម្ពុជា អះអាងថា ទីតាំងនោះ គឺកម្លាំងកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ មកម្ល៉េះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី