ព័ត៌មានជាតិ
អ្នកនាំពាក្យ ព្រមានក្រុមក្មេងទំនើង ថា បើមិនកែ ប្រយ័ត្នជាប់ពន្ធនាគារ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានព្រមានក្រុមក្មេងទំនើង ថា បើមិនកែ ប្រយ័ត្នជាប់ពន្ធនាគារ ខណៈត្រឹមរយៈពេលមួយសប្ដាហ៍ ក្រុមក្មេងទំនើងជាង ៤០នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដើមសប្តាហ៍ទី១ ខែមិថុនា ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណី ដោយបានឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៤០នាក់ទៀតពន្ធនាគារ។
លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ លោក ទូច សុឃៈ ថា គឺជាការបង្ហាញច្បាស់ថាបញ្ហានេះនៅតែជាកិច្ចការអាទិភាពមួយ ដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។

លោក បញ្ជាក់ថា បញ្ហានេះក៏មិនអាចដាក់បន្ទុកតែលើកម្លាំងមានសមត្ថកិច្ច ឬអាជ្ញាធរនោះដែរ ពោលគឺអាណាព្យាបាល ឪពុកម្ដាយ ត្រូវតែបន្តយកចិត្តទុកដាក់អប់រំ ប្រៀនប្រដៅកូនចៅរបស់ខ្លួនឱ្យដើរតាមគន្លងធម៌ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងនោះរួមទាំងការចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្សជាពួកនៅពេលយប់។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានថា កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចាប់ពីអគ្គស្នងការដ្ឋាន រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នឹងបន្តបង្ក្រាបក្មេងទំនើង ហើយបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងឈានដល់ការឃុំក្នុងពន្ធនាគារ ដោយគ្មានការលើកលែង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងការទទួលដឹកនាំអនុវត្តដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាង៤០នាក់ ក្នុងរយៈពេល៨ថ្ងៃនាដើមសប្តាហ៍ថ្មីនេះ គឺមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដាំដោយព្រមានចំៗទៅកាន់ក្រុមក្មេងទំនើង ដែលបាននឹងកំពុងដើរលើផ្លូវមួយនេះ ត្រូវស្វ័យកែប្រែឥរិយាបថ បើមិនចង់ទទួលនូវការអនុវត្តច្បាប់ និងគោលការណ៍ផ្សេងៗពីកម្លាំងមានសមត្ថកិច្ច ពោលគឺ”បើមិនកែ មានតែគុក បើចង់សុខគឺធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ”៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


