Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ បណ្ដឹងទៅតុលាការ ICJ ជាលិខិតរយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ

បានផុស

នៅ

ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លោក ប៉ែន បូណា ចាត់ទុកលិខិតនេះ ថា បានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាព និងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយ ក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី និងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគីអស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំងទៅមុខលែងរួច កម្ពុជាមិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិដោយសន្តិវិធី។

លោក ប៉ែន បូណា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ពិតជាមានឆន្ទៈមោះមុត និងប្តូរផ្តាច់ឥតប្រែប្រួលក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រឡើយ ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន។

ចំពោះលិខិតទៅកាន់តុលាការ ICJ នៅថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងពីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពីព្រោះនេះគឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដោយមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អាចនិយាយបានថា លិខិតនេះតំណាងឱ្យសំឡេងតែមួយរបស់ប្រជាជាតិខ្មែរទាំងមូល។ លោក ប៉ែន បូណា លើកឡើងដូច្នេ។

បើតាមអ្នកនាំពាក្យរូបនេះ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ ក៏គឺជាខួបទី៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃក្នុងវិវាទប្រាសាទព្រះវិហារ។ ដូច្នេះ ការដាក់លិខិតស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយវិវាទតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចំថ្ងៃ១៥ មិថុនា គឺជានិមិត្តរូបនៃជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងបេសកកម្មការពារបូរណភាពទឹកដី។

ព្រឹត្តិការណ៍នេះទៀតសោត ក៏សបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នកធានាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ ការពារសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរចេញពីការប្រមាថមាក់ងាយរបស់បរទេស ជាអ្នកលើកស្ទួយកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងក្រោមការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋខ្មែរ និងជាអ្នកសាងប្រវត្តិសាស្ត្រថ្មីសម័យទំនើបសម្រាប់កម្ពុជាក្នុងសករាជតេជោ-ធិបតី នាសតវត្សទី២១នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម