ព័ត៌មានជាតិ
កម្ពុជា-ស្វីស បើកកិច្ចពិភាក្សាលើកទី៤ ត្រួសត្រាយផ្លូវ ពង្រឹងកិច្ចសហការនយោបាយ-សេដ្ឋកិច្ច ទ្វេភាគី
តំណាងកម្ពុជា និងតំណាងប្រទេសស្វីស បានបើកកិច្ចពិភាក្សាពិគ្រោះយោបល់លើកទី ៤ ដើម្បីត្រួសត្រាយផ្លូវ សំដៅដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងកម្រិតនយោបាយ និងសេដ្ឋកិច្ច ដែលជាផលប្រយោជន៍រួម។
កិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥ ដោយភាគីកម្ពុជាដឹកនាំដោយលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីស្វីស ដឹកនាំដោយលោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធស្វីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសបានបញ្ជាក់ថា៖« ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយនេះ និងកិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពហុសណ្ឋាន ជាពិសេស លើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ»។
លើសពីនេះ សហប្រធានទាំងពីរកម្ពុជា-ស្វីស ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់រួម និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។

កាលពីខែមេសា ឆ្នាំ ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចទៅកាន់ប្រទេសស្វីស ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ស សុខា បានជួបពិភាក្សាការងារជាមួយលោក Alexandre Fesel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស ដោយភាគីស្វីស បានសន្យាបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនានា គាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងរយៈពេលទំនាក់ទំនងការទូតកម្ពុជា-ស្វីស ជាង ៦០ ឆ្នាំមកនេះ ប្រទេសស្វីស បានផ្តល់ជំនួយគាំទ្រផ្នែកសុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការបោសសម្អាតមីន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


