Connect with us

ព័ត៌មានជាតិ

ហាងកាហ្វេមួយកន្លែងក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

បានផុស

នៅ

ក្នុងខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋានទេសចរធម្មជាតិជាច្រើនកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែ ដើរទស្សនាកម្សាន្តទូទាំងខេត្ត។ ប៉ុន្តែអ្វីដែលពិសេសដែលភ្ញៀវទេសចរចាប់អារម្មណ៍ និងទាក់ទាញខ្លាំងបានលេចរូបរាងជាច្រើនខែមកហើយនោះ គឺហាងកាហ្វេមួយកន្លែងដែលស្ថិតនៅក្នុងរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ដែលជាទឹកជ្រោះដ៏ល្បីប្រចាំខេត្ត និងមានកាហ្វេរសជាតិដើម ឯតម្លៃសមរម្យហើយថែមទាំងអាចអង្គុយគយគន់ទេសភាព ទឹកជ្រោះហូរធ្លាក់ លើផ្ទាំងថ្មធំៗលាយឡំហាក់បីបង្កើតភ្លេងកំដរអារម្មណ៍ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ជា ជាបុគ្គលិកផ្នែកចាត់ការទូទៅនៅក្នុងហាងកាហ្វេ (ទឹកខ្មៅ) បានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងថា ការសាង​សង់បង្កើតជាហាងកាហ្វេនៅជាប់ទឹកធ្លាក់ ទឹកជ្រោះប៊ូស្រានេះដោយការច្នៃប្រឌិតពីលោកថៅកែ ដែលជាប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី និងមានសាខាហាងកាហ្វេ៣កន្លែងនៅក្នុងខេត្ត ទីមួយនៅក្នុងក្លឹបកីឡាកាំរទេះ ទីពីរនៅរថយន្តចល័តជើងភ្នំដោះក្រមុំ និងទីតាំងទីបី គឺនៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ។ លោកបានបន្តថាការបង្កើតឲ្យមានហាងកាហ្វេនៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រានេះ គឺមានរយៈពេល៨ខែកន្លងមកហើយ។

បុគ្គលិករូបនេះបានបន្ថែមថា ដំណើរការរយៈពេល៨ខែកន្លងមកនេះ គឺទទួលបានភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីនោះគឺរដូវបុណ្យជាតិធំៗ ដោយឡែកសម្រាប់ថ្ងៃធម្មតា គឺក្នុងឱកាសចុងសប្ដាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រានេះតែងតែមកគាំទ្រទទួលទានកាហ្វេ នៅហាងទឹកខ្មៅ ក្នុងតំបន់ទេសចរណ៍ធម្មជាតិនេះហើយតែងតែទទួលបានការសរសើរពីភ្ញៀវជាតិ ទាំងអន្តរជាតិយ៉ាងច្រើនហូរហែមិនដាច់ពីមាត់ផងដែរ។

ជាមួយគ្នានេះ កញ្ញា ស្រីកា ជាភ្ញៀវទេសចរមួយរូបដែលមានទីលំនៅក្នុងក្រុងសែនមនោរម្យក៏បានឲ្យដឹងផងដែរថា គេមានសេចក្ដីរំភើបរីករាយ និងសប្បាយចិត្តខ្លាំងដែលបានមកឃើញទិដ្ឋភាពផ្ទាល់ទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រាហើយថែមទាំងអាចអង្គុយនៅក្នុងហាងកាហ្វេមើលទេសភាពដ៏ស្រស់បំព្រង។ ថ្វីបើរូបគេនៅខេត្តមណ្ឌលគិរីនេះផ្ទាល់ក៏មិនធ្លាប់បានដឹងច្បាស់ថានៅក្នុងរមណីយដ្ឋានក៏មានហាងកាហ្វេដែលអាចញ៉ាំហើយអង្គុយមើលទេសភាពបានយ៉ាងល្អ នេះនោះទេ។

ភ្ញៀវរូបនេះបានអះអាងថា «ការទទួលទានកាហ្វេនៅទីនេះ មានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ហើយអ្វីដែលកាន់តែពិសេសនោះ គឺទទួលបានអារម្មណ៍ស្រស់ស្រាយ អស់ទុក្ខកង្វល់ក្រោយឃើញទឹកជ្រោះហូរធ្លាក់ទៅលើផ្ទាំងថ្មធំៗប្រៀបដូចបង្កើតជាសំឡេង បំពេអារម្មណ៍ ពេលដែលអង្គុយទស្សនាទេសភាពបែបនេះផងដែរ។

លើសពីនេះ ក្នុងនាមប្រជាពលរដ្ឋមួយរូបនៅខេត្តមណ្ឌលគិរី ក៏សូមអំពាវនាវបន្ថែមទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមមកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរីឲ្យបានច្រើនបន្ថែមទៀត ព្រោះខេត្តមណ្ឌលគិរីមានតំបន់រមណីយដ្ឋានទេសចរណ៍តាមបែបធម្មជាតិ យ៉ាងច្រើនសម្បូរបែប លើសពីនោះ នៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ ក៏មានហាងកាហ្វេសម្រាប់អង្គុយទស្សនាទឹកធ្លាក់យ៉ាងស្រស់បំព្រងទៀតផង៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម