Connect with us

ព័ត៌មានជាតិ

លោក ស សុខា រំលេចពីវីរភាពសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងកាលៈទេសៈកម្ពុជាប្រឈមការឈ្លានពានដោយយោធាថៃ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកាលៈទេសៈនៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃតាមខ្សែបន្ទាត់ព្រំដែន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាអធិបតីភាពនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែជាអគ្គមគ្គទេសក៍នយោបាយដឹកនាំកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ជាពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។

ដោយឡែកក្នុងកាលៈទេសៈដែលមានការប្រឈមមុខតទល់ជាមួយអំពើឈ្លានពានបង្កហេតុឥតឈប់ឈរដោយភាគីថៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំជាតិប្រកបដោយប្រតិភាពឈ្លាសវៃ និងដាក់ចេញយុទ្ធសាស្ត្រប្រកបដោយភាពម៉ឺងម៉ាត់បំផុតដើម្បីការពារឧត្តមប្រយោជន៍ជាតិ ការពារកិត្តិយសជាតិ និងប្រជាជន។

ពិសេសសម្ដេចធិបតី បានប្រកាសយ៉ាងមុតមាំពីកិច្ចការពារបូណភាពទឹកដី អធិបតេយ្យជាតិ ដោយប្រើទាំងនយោបាយការទូត ទ្វេរភាគី យន្តការអន្តរជាតិ និងការប្រុងជើងការណ៍ប្រកបដោយភាពអង់អាចនៃកងកម្លាំងការពារខ្សែបន្ទាត់ព្រំដែន ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន។

គួរជម្រាបថា រាប់ចាប់ពីវិនាទីដ៏អាក្រក់បំផុតដែលទាហានថៃឆ្មក់បាញ់ប្រហារដល់លេណដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា ដែលបណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់ត្រូវពលី កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យជាតិពីការឈ្លានពានរបស់ប្រទេសថៃ។

ក្រោមការអនុម័តគាំទ្រពីសមាជសភា ដឹកនាំសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីឱ្យជួយកាត់ក្តីវិវាទជាមួយថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣។ ជាមួយនឹងការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិភាពនិងផ្អែកលើច្បាប់អន្តរជាតិ កម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រាប់ទាំងយោធា បើសិនជាមានការឈ្លានពានលើដីកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី បានប្រកាសប្ដេជ្ញាការពារ និងមិនឱ្យបាត់ដីសូម្បីតែមួយមីល្លីម៉ែត្រឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម