ព័ត៌មានជាតិ
រយៈពេល ៧៤ឆ្នាំ កម្ពុជាចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ១៤ នៅក្នុងអង្គការយូណេស្កូ
ក្នុងរយៈពេល ៧៤ ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ – ៣ កក្កដា ២០២៥ ) កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។

បេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់កម្ពុជា ដែលត្រូវបានចុះបញ្ជីនៅអង្គការយូណេស្កូ រួមមាន ១.តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ២. ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា ៣. តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ និង ៤ រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

ចំណែកបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរួមមាន ១. របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី ២.ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ៣. ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ៤.ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី។ ៥. ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស ៦. គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក និងបេតិកភណ្ឌវប្បធម៌អរូបីទី ៧ នោះ គឺក្រមាខ្មែរ ចុះបញ្ជីនាថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។
លើសពីបេតិកភណ្ឌរូបីនៃមនុស្សជាតិ និងបេតិកភណ្ឌវប្បធម៌អរូបី កម្ពុជាក៏បានចុះបញ្ជីស្មារតីចងចាំនៃពិភពលោក នៅក្នុងអង្គការយូណេស្កូចំនួន ៣ ក្នុងនោះរួមមាន បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស, ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន និង រឿងអ៊ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

អញ្ជើញជាអធិបតីក្នុងពិធីប្រារព្វទិវាវប្បធម៌ជាតិ៣មីនា លើកទី២៧ កាលពីខែមីនា ឆ្នាំ ២០២៥ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថាទីតាំងណាខ្លះដែលត្រូវការពារ និងអភិរក្ស និងទីតាំងណាខ្លះដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តសហការគ្នាក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក និងចូលរួមថែរក្សាទាំងអស់គ្នា៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


