Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តកោះកុង៖ ការយករថយន្តមកឆៀកទៀងទាត់អាចដឹងពីគុណភាពបច្ចេកទស និងមានសុវត្ថិភាពពេលបើកបរ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង ដែលយករថយន្តទៅឆៀកជាទៀងទាត់ បានអះអាងរួមគ្នាថា ការយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) បានត្រឹមត្រូវគឺអាចដឹងពីគុណភាពរបស់រថយន្ត និងអាចធានាសុវត្ថិភាពក្នុងការបើកបរតាមដងផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថប្រយោជន៍នៃការមកពិនិត្យបច្ចេកទេសយានយន្តត្រឹមត្រូវតាមការកំណត់ ជាចំណុចអាទិភាពមួយនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងដាស់តឿនដល់ម្ចាស់យានយន្តឱ្យជួសជុលរថយន្ត និងចេះថែទាំយានយន្តបានសមស្របតាមបច្ចេកទេស មុននឹងបើកបរ។

លោក ហៀន សុភាព និងលោក សែម អូន ជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ថា ២ឆ្នាំម្តងពួកគាត់តែងយករថយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសម្តងតាមការកំណត់របស់មន្រ្តីជំនាញ ដោយមិនមានការខកខាននោះទេ។

ពលរដ្ឋទាំង២រូបដដែល អះអាងថា៖« ប្រសិនបើយករថយន្តមកឆៀកបានត្រឹមត្រូវ យើងអាចដឹងអំពីស្ថានភាពនៃគ្រឿងម៉ាស៊ីន ភ្លើង សំបក និងបច្ចេកទេសផ្សេងៗទាំងក្នុងក្រៅរថយន្ត មុននឹងបន្តបើកបរធ្វើដំណើរតាមដងផ្លូវបន្ត។ ករណីក្រុមការងារឆៀក រកឃើញថាយានយន្តខ្វះខាតឬខុសបច្ចេកទេសត្រង់ណាមួយ គឺពួកគេជំរុញឱ្យជួសជុលផ្លាស់ប្តូរ ហើយឡើងឆៀកជាថ្មី ដើម្បីធានាសុវត្ថិភាព និងគុណភាព»។

ក្នុងនាមជាពលរដ្ឋក្នុងខេត្តកោះកុង ក៏សូមថ្លែងអំណអរគុណដល់ក្រសួងសាធារណការ រដ្ឋបាលខេត្ត មន្ទីរជំនាញ និងក្រុមហ៊ុនឯកជនដែលចុះដាក់វេនគ្នាមកផ្តល់សេវាមួយនេះដល់ទីរួមខេត្តតែម្តងជាប្រចាំខែ។ ពួកគាត់ក៏ទទួលស្គាល់ថា បច្ចុប្បន្នសេវាពិនិត្យលក្ខណៈបច្ចេកទេសកាន់តែងាយស្រួលចំណេញពេលវេលា និងថវិកា ដោយមិនចាំបាច់ធ្វើដំណើរទៅរកសេវានៅខេត្ត ឬរាជធានីភ្នំពេញដូចពេលមុនៗនោះទេ។

បើតាមលោក អន ដាវុធ ប្រធានមន្ទីរសាធរាណការ និងដឹកជញ្ជូខេត្តកោះកុង ក្នុងរយៈពេល ៥ខែឆ្នាំ២០២៥នេះ មានយានយន្តគ្រប់ប្រភេទសរុប៦០០គ្រឿង ត្រូវបានម្ចាស់យកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមរយៈកម្មវិធីត្រួតពិនិត្យចល័តនៅខេត្តកោះកុង។ តួលេខនេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ ២៦៣ គ្រឿង។

លោក អន ដាវុធ គូសបញ្ជាក់ថា ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ មិនត្រឹមតែជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ជាយថាហេតុនោះទេ ជាក់ស្តែងម្ចាស់រថយន្តអាចយល់ដឹងច្រើនអំពីគុណភាពសុវត្ថិភាពរថយន្តរបស់ខ្លួនផ្ទាល់ថែមទៀត សម្រាប់សុវត្ថិភាពបើកបរ។ ម៉្យាងវិញទៀត វាក៏ជាការធ្វើជំរឿនស្ថិតិយានយន្តដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ព្រមទាំងទប់ស្កាត់ការលួចកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាដើម៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម