Connect with us

ព័ត៌មានជាតិ

យប់​នេះ​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​នឹង​ចុះ​អនុវត្តច្បាប់​ចំពោះ​ភោជនីយដ្ឋាន​និង​អាហារដ្ឋា​ន​ណា​ល្មើស​បម្រាម​

បានផុស

នៅ

ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​អាហារ​ចល័ត ហាង​លក់​ភេសជ្ជៈ​ និង​គ្រឿង​ស្រវឹង​នានា​ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ​នឹងត្រូវ​ផ្អាក​ការទទួល​អតិថិជន​ចាប់ពី​ម៉ោង​៨​យប់​ ថ្ងៃទី​០៣​រហូតដល់​ម៉ោង​៥​ទៀបភ្លឺ ​ថ្ងៃទី​០៤​ ខែមេសា​ឆ្នាំ២០២១ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ លោក​ កែវ​ គុជ​សី បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​០៣​ខែមេសា​នេះថា​ ចាប់ពី​ម៉ោង​៨​យប់​នេះ​ទៅ​ ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ស្ពឺ​​នឹង​ចុះ​ពិនិត្យ​នៅតាម​ភោជនីយដ្ឋា​ន អាហា​រដ្ឋា​ន តូប​លក់​អាហារ​ចល័ត ហាង​លក់​ភេសជ្ជៈ​ និង​គ្រឿង​ស្រវឹង​នានា​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ តើ​ហាង​ទាំងនោះ​អនុវត្តទៅតាម​វិធានការ​រដ្ឋបាល​ដែល​រដ្ឋបាលខេត្ត​បានដាក់​ចេញ​កាលពី​ម្សិលមិញ​ដែរ​ឬ​យ៉ាងណា​។​

លោក​បាន​បន្តថា​ មុននឹង​អនុវត្ត​ជាក់ស្តែង​ កាលពី​ថ្ងៃទី​០២​ ខែមេសា ​រដ្ឋបាលខេត្ត​បាន​ចុះណែនាំ ផ្សព្វផ្សាយ​ដល់​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​អាហារ​ចល័ត ហាង​លក់​ភេសជ្ជៈ​និង​គ្រឿង​ស្រវឹង​នានា​រួចហើយ​។​

លោក​បាន​បន្តទៀតថា​«​ជាទូទៅ​ឃើញថា​បងប្អូន​ពួកគាត់​បាន​យល់ច្បាស់ និងចូលរួម​សហការ​បាន​ល្អ​»​។​

រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ កាលពី​ថ្ងៃទី​០២ ខែ​មេសា ​បាន​ដាក់ចេញ​វិធានការ​រដ្ឋបាល​បណ្ដោះ​អាសន្ន​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ ​ដែលមាន​ថេរវេលា​អនុវត្ត​រយៈ​ពេល​ពី​រស​ប្តា​ហ៍​ គឺ​ចាប់ពី​ថ្ងៃទី​០២​ រហូតដល់​ថ្ងៃទី​១៥​ ខែមេសា​ ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​តម្រូវ​ឲ្យ​ផ្អាក​អាជីវកម្ម​ដូចជា​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន តូប​លក់​អាហារ​ចល័ត ហាង​លក់​ភេសជ្ជៈ​ គ្រឿង​ស្រវឹង​ដែល​បើកប​ម្រើ​អតិថិជន​ទទួលទាន​ត្រូវ​ផ្អាក​ទទួលភ្ញៀវ​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ម៉ោង​៨​ដល់​ម៉ោង​៥​ព្រឹក​ជា​កំហិត​ និង​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​រាល់​សកម្មភាព​កីឡា​ដែលមាន​លក្ខណៈ​ជួបជុំ​ ឬ​ការប្រមូលផ្ដុំ​ច្រើន​។​

រដ្ឋបាលខេត្ត​បាន​បន្តថា​ រាល់​ការជួបជុំ​ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ត្រូវបាន​លើកលែង​ក្នុង​ករណី​ចាំបាច់​មួយចំនួន​ដូចជា ​សកម្មភាព​អាជីវកម្ម​តាម​ភោជនីយដ្ឋាន ​អាហារ​ដ្ឋា​ន​ តូប​អាហារ​ចល័ត​អាច​បម្រើ​សេវា​ជា​លក្ខណៈ​វេច​ខ្ចប់ ការជួបជុំ​លក្ខណៈ​សមាជិកគ្រួសារ​ដែ​ល​រស់នៅក្នុង​លំនៅឋាន​ ឬ​ទី​សំ​ណាក់​ជាមួយគ្នា ​និង​ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​វិធានការ​ក្រសួងសុខាភិបាល​ ឬ​តាមកា​រកំណ​ត់របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច ការជួបជុំ​របស់​បុគ្គ​លិកសុខា​ភិ​បាល​ដែល​បំពេញ​ការ​ងារ​ថែរក្សា​សង្គ្រោះបន្ទាន់​ផ្សេងទៀត ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក​ម្លាំ​ង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ក្រុង ស្រុក​ ឃុំ​ សង្កាត់ ​ក្នុងការ​បំពេញភារកិច្ច​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​រៀបរយ​សា​ធារណៈ​។​

រដ្ឋបាលខេត្ត​ព្រមាន​ថា ​គ្រប់​ម្ចាស់​អាជីវកម្ម​ និង​ប្រជាពលរដ្ឋ​ទាំងឡាយណា​ដែល​មិន​ចូល​រួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋ​បាល​តាមផ្លូវ​ច្បាប់​ដូច​បា​ន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​កូ​វីដ​១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ ​ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម