Connect with us

ព័ត៌មានជាតិ

បេក្ខជនជាង៥ពាន់នាក់ ប្រឡងក្នុងថ្ងៃតែមួយ ដើម្បីចូលបម្រើការងារនៅក្រសួង ស្ថាប័នពីរផ្សេងគ្នា ក្រោមការរៀបចំរបស់ក្រសួងមុខងារសាធារណៈ

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែសីហា នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីឱ្យទៅបម្រើការក្រោមក្រសួង-ស្ថាប័នចំនួន២ ក្នុងថ្ងៃតែមួយ។ ការប្រឡងទី១ គឺជាការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំណែកទី២ គឺជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជិត ៥ ០០០នាក់។ ការប្រឡងនេះ ប្រព្រឹត្តិទៅតែមួយដងប៉ុណ្ណោះ ដោយកំណត់ជ្រើសរើសអ្នកជាប់ ៣៧២នាក់ ដើម្បីទៅបំពេញការងារនៅឃុំ-សង្កាត់នៅតាមខេត្តចំនួន ២៣។ ការប្រឡងមន្ត្រីកសិកម្មឃុំ មាន ៣វិញ្ញាសា រួមមានការប្រឡងជំនាញឯកទេសពាក់ព័ន្ធជំនាញកសិកម្ម ការប្រឡងភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម និងការប្រឡងលើចំណេះដឹងទូទៅ។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ សម្រាប់ការជ្រើសរើសមន្ត្រីកសិកម្មឃុំផងដែរ។

ចំណែកការប្រឡងមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីវិញ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជិត ៣០០នាក់។ ការប្រឡងនៅថ្ងៃនេះ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែលនឹងជ្រើសរើសបេក្ខជនបន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២ និងបន្តទៅវគ្គសម្ភាសន៍ ដែលនឹងជ្រើសរើសចំនួនអ្នកជាប់ចុងក្រោយជាមន្ត្រីចំនួន ៨នាក់ប៉ុណ្ណោះ។

ការប្រឡងនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥នេះ ដំណើរការទៅក្រោមការចូលរួមយ៉ាងសកម្មពីអ្នកសង្កេតការណ៍ មកពីអង្គភាពប្រឆាំងអំពើពុករលួយ សាធារណជន ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ ក៏ដូចជាយុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ការប្រឡងនេះ ក៏មានការចូលរួមដោយផ្ទាល់ ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការត្រួតពិនិត្យដំណើរការប្រឡង ជ្រើសរើសវិញ្ញាសាប្រឡង និងចូលរួមកាត់វិញ្ញាសាផងដែរ។

គួរឱ្យដឹងថាស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក។ ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តទៅ នាពេលរសៀលក្នុងថ្ងៃតែមួយ។

ការតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងនាថ្ងៃទីនេះ គឺធ្វើឡើងដោយគណៈកម្មការមេប្រយោគ យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ។ រាល់ដំណើរការរៀបចំ តែងមានតាមដានមើលពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនស្ម័គ្រចិត្ត៊ក្រោយពីបញ្ចប់ការប្រឡងទាំងពីរនេះ នៅថ្ងៃទី ៣ ខែសីហា។

នៅថ្ងៃស្អែកនេះ ក៏នឹងមានការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀង ក្រមខណ្ឌក្រសួងសុខាភិបាលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម