Connect with us

ព័ត៌មានជាតិ

សមាជិកអង្គទូតជាង២០ប្រទេស សម្តែងការអាណិតអាសូរចំពោះជនភៀសសឹកខ្មែរ ក្រោយចុះពិនិត្យឃើញផ្ទាល់

បានផុស

នៅ

សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ អ.ស.ប ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប សម្តែងការអាណិតអាសូរយ៉ាងស្មោះជូនចំពោះបងប្អូនខ្មែរ ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចប្រដាប់អាវុធកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចេញមនោសញ្ចេតនាក្តីអាណិតនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ប្រធាន ព្រមទាំងតំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានចំនួនសរុប២៦រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស។

គណៈប្រតិភូបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់អោយបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅសម្រេចបានដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង។ ជារួម សមាជិកអង្គទូត និងភ្នាក់ងារជំនាញ បានសម្តែងនូវក្តីសង្ឃឹមថាសន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញក្នុងពេលឆាប់ៗនេះ ហើយបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែ សីហាឆ្នាំ២០២៥)។ សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អ.ស.ប ក៏បានគាំទ្រយ៉ាងមុតមាំ ចំពោះការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកអាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

គួរជម្រាបថា គណៈប្រតិភូបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ចំនួនពីរគឺ នៅភូមិថ្មជូន និងភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើនរួមមានផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ទីសក្ការៈបូជា និងវត្តអារាម ត្រូវបានបំផ្លិចបំផ្លាញដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ នៅមុនពេលបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា ចូលជាធរមាន។

គណៈប្រតិភូបានចុះសួរសុខទុក្ខជនភៀសសឹកចំនួន៤៤០គ្រួសារ នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ ចាស់ ឃុំបេង ខេត្តឧត្តរមានជ័យ និងចំនួន៦៩០គ្រួសារ នៅវត្តប្រាសាទបន្ទាយស្រី ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងទាំងពីរនេះ។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានឱ្យដឹងថា មានគ្រួសារសរុបចំនួន ៤០.៨៧០ ស្មើនឹង១៣៦.០១៣ នាក់ មកពីខេត្តជាប់ព្រំដែនចំនួនប្រាំដែលរងផលប៉ះពាល់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានកម្មវិធីដាច់ដោយឡែកមួយទៀត ដោយបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយមួយចំនួនជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារអធិបតេយ្យ និងបូរណភាពទឹកដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម