ព័ត៌មានជាតិ
អ្នកតាមដានព្រឹត្តិការណ៍សង្គម អំពាវនាវសមត្ថកិច្ចវែកមុខជនបោកប្រាស់ក្លែងបន្លំជាសាច់ញាតិវីរកងទ័ពពលីស្នើសុំជំនួយ មកផ្តន្ទាទោស
អ្នកជំនាញ និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសបុគ្គលដែលក្លែងបន្លំជាសាច់ញាតិរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិ ហើយស្នើសុំជំនួយ យកមកផ្តន្ទាទោសតាមច្បាប់។ អ្នកជំនាញចាត់ទុកថា ការបោកប្រាស់គ្រាប្រទេសជាតិជួបការលំបាកបែបនេះ គឺជាអំពើអសីលធម៌ធ្ងន់ធ្ងរ និងប៉ះពាល់សេចក្តីថ្លែថ្នូរកងទ័ព។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃអំណោយសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាគថវិកាតាមរយៈ QR code ឬបរិច្ចាកសម្ភារៈជួយដល់គ្រួសារយោធិនដែលបានបាត់បង់ជីវិតការពារមាតុភូមិក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ ទោះបីជាយ៉ាងណាក៏ដោយ មានជនឆ្លៀតឱកាសបានទាញយកផលប្រយោជន៍ពីស្ថានភាពនេះ តាមរយៈការបង្ហោះរូបថត និងវីដេអូ អះអាងថា ជាសាច់ញាតិរបស់ទាហានដែលបានស្លាប់ និងចែករំលែកលេខកូដ QR Code ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីសុំជំនួយពីសាធារណជន។
ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់នូវចលនាជនបោកប្រាស់មួយចំនួន ដែលយកយុទ្ធជនពលីដ៏អង់អាចនៅសមរភូមិ ទៅជាធ្វើចលនាស្វែងរកភាគលាភដោយខ្លួនឯង តាមរយៈស្កេន QR Code ដើម្បីឱ្យប្រជាពលរដ្ឋបង់លុយ ហើយបង្វែទៅជាផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកសង្កត់ធ្ងន់ថា៖«ជនទាំងអស់នេះ បានប្រព្រឹត្តនូវទង្វើអសីលធម៌ ដែលអាចហៅថាជាជនពិកាមនសិការ ពីព្រោះវីរកងទ័ព វីរយុទ្ធជន បានពលីដើម្បីជាតិ មាតុភូមិ បែរជាខ្លួនឯងយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន បោកប្រាស់ប្រជាពលរដ្ឋទូទៅ»។

ក្នុងន័យនេះ លោកជំរុញអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការច្បាប់ដ៏តឹងរឹងចំពោះជនទាំងអស់នោះ ដែលចាត់ចូលជាការឆបោក ដូច្នេះត្រូវតែមានវិធានការច្បាប់ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព កិត្តិយស សេចក្តីថ្លៃថ្នូរជាតិ និងសេចក្តីថ្លៃថ្នូរចំពោះអ្វីដែលយុទ្ធជនខំបូជាជីវិតដើម្បីជាតិ។ លោកបណ្ឌិត យង់ ពៅ ក៏ទទូចទៅដល់ជនដែលមានចរិតបោកប្រាស់ទាំងនោះ សូមបញ្ឈប់ជាបន្ទាន់នូវទង្វើបោកប្រាស់ទាំងអស់នេះ បើពុំនោះទេនឹងប្រឈមចំពោះមុខច្បាប់ និងប្រឈមការស្តីបន្ទោសពីមហាជន។ លើសពីនេះ លោកក៏សំណូមដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់មុនបាញ់លុយតាម QR code ចៀសវាងចាញ់បោកជនបោកប្រាស់។
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនៈវិជ្ជា គាំទ្រឱ្យមានចំណាត់ផ្លូវច្បាប់ចំពោះជនបោកប្រាស់ ដើម្បីព្រមានអ្នកបោកប្រាស់ផ្សេងទៀតកុំឱ្យយកគំរូតាម។ សម្រាប់លោក ការអំពាវនាវស្វែងរកជំនួយសប្បុសជនដើម្បីជួយដល់វីរៈយុទ្ធជនដែលបានពិលីនៅសមរភូមិជាអាវុធមុខពីរ។ អាវុធមុខពីរ លោកសំដៅថាជំនួយខ្លះពិតជាបានដល់ដៃគ្រួសារសាច់ញតិតបតាមការអំពាវនាវ ប៉ុន្តែជំនួយខ្លះបានទៅលើជនបោកប្រាស់ដែលបានបន្លំធ្វើជាសាច់ញាតិគ្រួសារកងទ័ព។ ត្រង់ចំណុចនេះ មិនខុសពីលោកបណ្ឌិត យង់ ពៅ , លោក បណ្ឌិត ឈត ប៊ុនថង អំពាវនាវដល់សមត្ថកិច្ចស៊ើបអង្កេតវែកមុខជនបោកប្រាស់យកមកផ្តន្ទាទោស។

លោកសង្កត់ធ្ងន់ថា៖«ការប្រើប្រាស់រូបភាពវីរជនដែលបានពលីនៅលើសមរភូមិមិនបានត្រឹមត្រូវ ក្នុងន័យយកទៅប្រើដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនជារឿងអសីលធម៌ នឹងប៉ះពាល់ដល់ការយកចិត្តទុកដាក់ជាផ្លូវពីស្ថាប័នរដ្ឋ»។ ជាការពិត ការកៀរគរសប្បុរជនដើម្បីជួយគ្រួសារកងទ័ពគួរតែនៅបន្តធ្វើ ប៉ុន្តែគួរតែមានរបៀបររាបរយ។ លោកយល់ថា៖« អ្វីដែលគួរពិចារណា យើងអាចបង្កើតជាមូលនិធិរួមមួយ ហើយបងប្អូនត្រូវជួយទៅតាមយន្តការនេះ ចៀសវាងការជួយគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យការទទួលបានខុសៗគ្នា និងមិនបានដល់ដៃសាច់ញាតិកងទ័ព»។ សម្រាប់លោកយន្តការមូលនិធិរួមនេះ អាចបង្ការហានិភ័យចំពោះជនដែលមានចេតនាមិនល្អ មិនស្មោះត្រង់យកទៅប្រើប្រាស់មិនត្រឹមត្រូវ ឬសម្រាប់ប្រយោជន៍ខ្លួនជាដើម។
គួរជម្រាបថា ក្នុងជម្លោះព្រំដែនដែនកម្ពុជា-ថៃ បានបណ្តាឱ្យកងទ័ពកម្ពុជាស្លាប់ និងរបួសច្រើននាក់។ ជាការកត់សម្គាល់ ប្រជាពលរដ្ឋខ្មែរទូទាំងនគរដោយរាប់តាំងពីវិស័យឯកជនធំៗ អ្នកលក់អនឡាញ ពលរដ្ឋធម្មតា និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សស្រាក់ដៃគ្នារៃអង្គាសថវិកា និងជំនួយជាសម្ភារៈជួយដល់គ្រួសារកងទ័ព និងជនភៀសសឹក។

ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីនិងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។ សម្តេចអះអាងថា៖«រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់យោធិនពលី និងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាជនដែលជាជនភៀសសឹក។
ទន្ទឹមនឹងនេះដែរ ធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចប្រកាសលុបចោលបំណុលទាំងស្រុងចំពោះយោធិនពលី និងយោធិនពិការ ដើម្បីជាការតបស្នងនូវកិច្ចខិតខំប្រឹងប្រែងពលីជីវិតដើម្បីការពារបូរណភាពទឹកដី៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


