ព័ត៌មានជាតិ
អ្នកជំនាញអប់រំ ផ្តាំសិស្សត្រៀមប្រឡងបាក់ឌុបថែរក្សាសុខភាពឱ្យបានល្អ តាំងចិត្តមើលមេរៀន កុំភ័យតក់ស្លុត
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ជេត ជាលី និងអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា គឺលោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងដូចគ្នា ដោយផ្តាំផ្ញើដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងបាក់ឌុបខាងមុខ មើលថែសុខភាពឱ្យបានល្អ បែងចែកពេលវេលាមើលមេរៀនឱ្យបានត្រឹមត្រូវ កុំភ័យ កុំតក់ស្លុត ត្រូវសហការជាមួយក្រសួងអប់រំដើម្បីជោគជ័យក្នុងការប្រឡងខាងមុខ។

បណ្ឌិត ជេត ជាលី ប្រាប់មក កម្ពុជាថ្មី ថា ការប្រឡងកាន់តែខិតចូលមកជិត ពោល គឺនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ហេតុនេះ រឿងសំខាន់ដែលបេក្ខជនត្រូវធ្វើ គឺថែទាំសុខភាពឱ្យបានល្អ បន្ទាប់មក រម្លឹកមេរៀនឱ្យបានត្រឹមត្រូវ ត្រៀមសម្ភារៈសម្រាប់ប្រឡង ហើយព្យាយាមតាំងស្មារតី ផ្ចង់អារម្មណ៍យកចិត្តទុកដាក់លើការប្រឡង និងគួរកាត់បន្ថយឱ្យអស់ ឬច្រើនបំផុត ពីរឿងណាដែលមិនពាក់ព័ន្ធនឹងការប្រឡង។
ចំពោះស្ថានការណ៍ប្រទេសដែលទទួលរងការឈ្លានពានដោយអាវុធពីថៃ ធ្វើឱ្យសាលារៀនតាមព្រំដែនជម្លោះត្រូវផ្អាក ពលរដ្ឋជម្លៀសចេញពីផ្ទះសម្បែង លោកបណ្ឌិត ថា វិញ្ញាសាបង្រៀនមានពេញមួយឆ្នាំ មិនមែនត្រឹមតែពេលកើតសង្គ្រាមទេ។ លោកសង្កត់ធ្ងន់ថា៖ “ការភៀសសឹកអាចប៉ះពាល់ការបង្រៀនខ្លះ និងប៉ះពាល់អារម្មណ៍សិស្សច្រើនគួរសមដែរ។ តែសូមប្អូនៗតាំងចិត្តឲ្យស្ងប់ដើម្បីកុំឲ្យអារម្មណ៍នេះបណ្តាលឲ្យខូចការធំ។ ខ្ញុំជឿថាក្រសួងបានគិតគូររឿងនេះដោយប្រុងប្រយ័ត្នរាប់តាំងពីការដឹកជញ្ជូន ស្នាក់នៅ និងការទំនុកបម្រុងនានា។ សូមប្អូនៗយល់ថាក្នុងវិស័យអប់រំគ្រូមិនព្យាយាមទម្លាក់សិស្សទេ។ ការប្រឡងជាការវាស់វែងទាំងកម្រិតយល់ដឹងរបស់សិស្សថារៀនបានប៉ុន្មាននូវអ្វីដែលគ្រូបង្រៀន។ និងក៏ដើម្បីវាស់ថាតើការបង្រៀនរបស់គ្រូ របស់សាលាបានល្អកម្រិតណាកន្លងមក”។

អ្នកជំនាញរូបនេះ ក៏បានផ្តាំផ្ញើដល់អាណាព្យបាល និងបេក្ខជន សហការជាមួយក្រសួងអប់រំដើម្បីដំណើរការប្រឡងទទួលបានជោគជ័យ ព្រោះថា ការប្រឡងនេះ បង្ហាញពីសមត្ថភាពរបស់សិស្ស និងគ្រូបង្រៀន ដើម្បីឈានដល់ការអភិវឌ្ឍ កែប្រែសង្គមកម្ពុជា។
ចំណែក បណ្ឌិត ឈត ប៊ុនថង បានប្រាប់ថា ក្នុងស្ថានភាពប្រទេសមានសង្គ្រាមឈ្លានពានពីថៃ បេក្ខជនគួរតាំងចិត្ត តាំងអារម្មណ៍ គិតគូរពីការរម្លឹកមេរៀន អនុវត្តលំហាត់សម្រាប់ប្រឡងបាក់ឌុបថ្ងៃខាងមុខឱ្យបានល្អ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ទោះបីអារម្មណ៍របស់បេក្ខជនសោកសៅចំពោះការឈ្លានបានរបស់ថៃ ប៉ុន្តែ ក៏កុំភ្លេចមើលមេរៀន និងត្រៀមខ្លួនដើម្បីប្រឡងដែរ។ ចំពោះបេក្ខជនប្រឡងដែលស្ថិតនៅតំបន់រងគ្រោះ និងបេក្ខជនភៀសសឹក នឹងមានការពិបាកក្នុងការរៀនសូត្រ ហេតុនេះ លោកផ្តាំឱ្យប្រឹងប្រែង ខិតខំមើលមេរៀនឱ្យអស់លទ្ធភាពដើម្បីប្រឡងបានជោគជ័យក្នុងគ្រាលំបាកនេះ។

លោកបណ្ឌិត មានប្រសាសន៍ថា៖ “បើសិនជាប្អូនទាំងនៅក្នុងតំបន់ដែលប៉ះពាល់ដោយសារសង្គ្រាម និងមិនប៉ះពាល់ដោយសារសង្គ្រាម អត្រាប្រឡងរបស់យើង លទ្ធផលក៏ល្អប្រហាក់ប្រហែលនឹងឆ្នាំធម្មតា ឬក៏បានល្អជាងនឹងរឹតតែប្រសើរទៀត”។ លោកបន្តថា លោកចង់ឃើញបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពទទួលបាននិទ្ទេសល្អច្រើនក្នុងស្ថានភាពបែបនេះ ដើម្បីបង្ហាញថា កូនខ្មែរមានការតស៊ូខ្ពស់ ជម្នះបានគ្រប់ឧបសគ្គ។ នៅពេលប្រឡង លោកបណ្ឌិត លើកទឹកចិត្តឱ្យបេក្ខជនផ្ទៀងផ្ទាត់ក្រដាសកិច្ចការឱ្យបានត្រឹមត្រូវ ផ្ទៀងម្តងហើយម្តងទៀត ចៀសវាងមានកំហុសឆ្គងកើតឡើង មុននឹងប្រគល់ជូនអនុរក្ស។
ជាមួយគ្នានេះ អាណាព្យាបាលដើរតួនាទីសំខាន់ណាស់ ក្នុងការលើកទឹកចិត្តកូន កុំដាក់សម្ពាធ ឬស្តីបន្ទោស និងថែរក្សាសុខភាពកូនឱ្យបានល្អ ដើម្បីឱ្យបេក្ខជនបានត្រៀមខ្លួនជាស្រេច មានសុខភាពល្អ ពេលថ្ងៃប្រឡងមកដល់៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


