Connect with us

ព័ត៌មានជាតិ

បេក្ខជនខេត្តឧត្តរមានជ័យជាង ១ ៧០០ នាក់ ទទួលបានថវិកា និងអាហារ សម្រាប់ត្រៀមចូលរួមប្រឡងបាក់ឌុបនៅថ្ងៃទី ២៨ សីហា

បានផុស

នៅ

បេក្ខជន​ប្រឡង​បាក់ឌុប​មកពី​ខេត្ត​ឧត្តរមានជ័យ​ចំនួន ១ ៧៧២ នាក់ បាន​ទទួល​ថវិកា និង​មី ពី ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ត្រៀម​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី ២៨ និង ២៩ ខែ​សីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បើក​មី និង​ថវិកា​ពី​ក្រសួង​នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​ ២​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៦ ​រហូតដល់​ថ្ងៃទី ​២៧ ខែ​សីហា ឆ្នាំ​ ២០២៥​ នៅ​វិទ្យាល័យ​អប់រំ​បច្ចេកទេស​ពួក ខេត្ត​សៀមរាប។

បើតាម​លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា បេក្ខជន​ប្រឡង​បាក់ឌុប​មកពី​ខេត្ត​ឧត្តរមានជ័យ ​ក្រសួង​ បានរៀបចំ​ឱ្យ​ប្រឡង​នៅ​ស្រុក​ពួក​ ខេត្ត​សៀមរាប​ ដោយ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​សម្របសម្រួល​ដឹក​ជញ្ជូន​បេក្ខជន​មក​ប្រឡង​ ហើយ​ស្នាក់​នៅតាម​សាលារៀន​ចំនួន​ ៤​ ស្រុក​ពួក​ ខេត្ត​សៀមរៀប ​ហើយ​ក្រសួង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​បេក្ខជន​ក្នុង ​១ ​នាក់​ ១០​ ម៉ឺន​រៀល ​និង​មី​ ៦​ កញ្ចប់​ និង​ផ្តល់​ថវិកា​ដល់​បេក្ខជន​ខេត្ត​ព្រះវិហារ​ក្នុង​ ១ ​នាក់ ​៥ ​ម៉ឺន​រៀល​ សម្រាប់​ការ​ស្នាក់នៅ ​ការ​ធ្វើដំណើរ​ និង​ហូបចុក​ និង​មី ​៦ ​កញ្ចប់ ក្នុង​រយៈពេល​ ២​ ថ្ងៃ​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ពួកគេ​ចូលរួម​ប្រឡង​ប្រកបដោយ​សុវត្ថិភាព និង​មាន​ភាព​កក់ក្ដៅ។ ក្រៅពី​ផ្តល់​កន្លែង​ស្នាក់នៅ ថវិកា ​និង​អាហារ ក្រសួង ​ក៏មាន​ការជួយឧបត្ថម្ភ​បន្ថែម​ទៀត​សម្រាប់​បេក្ខជន​ខេត្តព្រះវិហារ​ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផង​ដែរ​ ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​សិស្ស ​ឱ្យ​បាន​ប្រឡង​ជាប់​ច្រើន​យ៉ាង​ហោច​ណាស់​ ៨០%។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ក្នុង​ការ​ជួយឧបត្ថម្ភ​ថវិកា​ដល់​បេក្ខជន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​បេក្ខជន​ខេត្តព្រះវិហារ​នេះ​ ក្រសួង ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ​១​ ពាន់​លាន​រៀល។ ចំណែក​មី​ជា​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា សង្គ្រាម​ឈ្លានពាន​ដែល​បង្កឡើង​ដោយ​ភាគី​ថៃ​មាន​បេក្ខជន​ភៀស​សឹក​ចំនួន ​៦​ នាក់​ប៉ុណ្ណោះ ​ក្នុងនោះ​ ខេត្តព្រះវិហារ ​៤​ រូប​ និង​ខេត្ត​ឧត្តរមានជ័យ​ ២ ​រូប បាន​ប្រឡង​នៅតាម​ខេត្ត​ផ្សេងៗ ​ក្នុងនោះ​ នៅ​ភ្នំពេញ​ ២​ នាក់ ​បាត់ដំបង ​១​ នាក់ ពោធិ៍សាត់ ​២​ នាក់ និង​កំពង់ស្ពឺ ១ នាក់។

គួរ​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ​៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះឈ្មោះ ប្រឡង​សរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ​ ៖ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់​។ បេក្ខជន ត្រូវបាន​រៀបចំ ចំនួន ២៥ នាក់ ក្នុង​មួយ​បន្ទប់ ទៅតាម​មណ្ឌល​សំណេរ​នីមួយៗ តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុងក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មកពី​វិទ្យាល័យ​អប់រំ​ពិសេស​។ មណ្ឌល​សំណេរ មាន​ចំនួន​សរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ ​៖ ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។

គួរ​បញ្ជាក់​បន្ថែម​ថា តួលេខ​បេក្ខជន​ដាក់ពាក្យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ បើ​ធៀប​ទៅនឹង​ឆ្នាំមុន ឃើញថា មានការ​កើនឡើង ខណៈ​ឆ្នាំមុន​ការប្រឡង​បាក់​ឌុប​សម័យ​ប្រឡង​ថ្ងៃទី ៨ និង ទី ៩ តុលា ២០២៤ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ មាន​បេក្ខជន​មក​ប្រឡង​ចំនួន ១៣៤ ៦៣៤ នាក់ ស្រី ៧៣ ៩៦៧ នាក់ និង​មាន​បេក្ខជន​ប្រឡង​ជាប់​ទូទាំងប្រទេស សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះ មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ២ ២១៦ នាក់ , និទ្ទេស B ចំនួន ៩ ៧០១ នាក់ , និទ្ទេស C ចំនួន ២២ ៦៧៥ នាក់ , និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង​និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម