Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត ចែករំលែកគោលការណ៍ភាពជាអ្នកដឹកនាំដល់បុគ្គលិក

បានផុស

នៅ

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត ទាំងក្រុង និងខេត្ត យកគោលការណ៍នៃភាពជាអ្នកដឹកនាំ ដែលបានចែករំលែកក្នុងពេលកន្លងមក ទៅធ្វើការចែករំលែកបន្តដល់បុគ្គលិកសុខាភិបាលទាំងអស់ ដោយស្ថិតក្នុងភាពត្រឹមត្រូវ និងសមស្របតាមកាលៈទេសៈ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសេវាសុខាភិបាលបានមួយកម្រិតបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះធ្វើឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសលោករដ្ឋមន្ត្រី ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤៦២នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងចំណុចគន្លឹះ២ ដែលអាចប្រើប្រាស់សម្រាប់បញ្ជាក់ឱ្យកាន់តែច្បាស់លើភាពជាអ្នកដឹកនាំ (affirmation of the leadership) របស់អ្នកដឹកនាំម្នាក់ៗ។ ចំណុចគន្លឹះទាំង(២) រួមមាន៖ (១)អ្នកដឹកនាំជាអ្នកដែលចេះជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអាចពន្យល់ឱ្យក្រុមការងារយល់ថារាល់ការផ្លាស់ប្តូរទៅរកភាពប្រសើរឡើងនឹងជួបប្រទះនឹងឧបសគ្គ ដែលឧបសគ្គទាំងនោះគ្រាន់តែកើតឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយគេអាចជំនៈលើវាបាន។ (២)អ្នកដឹកនាំត្រូវឱ្យមានឥទ្ធិពលធម្មជាតិ (natural authority) បន្ថែមពីលើអំណាចរដ្ឋបាលដែលបានមកដោយការចាត់តាំង។

ក្រៅពីចំនុចគន្លឹះទាំងពីរនេះ លោក ឈាង រ៉ា ក៏បានលើកយកទ្រឹស្តីនៃការយល់ដឹង លទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការពន្យល់ពី កម្រិតនៃការយល់ដឹងរបស់មនុស្ស ដែលអាចកើតឡើងដោយសារការប្រើប្រាស់វិញ្ញាណ និងការប្រើប្រាស់ការពិចារណា។ លោកថា អ្នកដឹកនាំអាច ធ្វើការពិចារណាទៅលើបុគ្គលម្នាក់ៗ ដោយឈរលើគោលការណ៍ សកម្ម និងអសកម្ម ហើយត្រូវស្វែងរកវិធីសាស្រ្តបង្កើតចំណុចសកម្មរបស់បុគ្គល និងកាត់បន្ថយចំណុចអសកម្មរបស់បុគ្គល។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលនៅតែបន្តបំពេញភាកិច្ច បម្រើសេវាជូនដល់ប្រជាជន ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនៅខេត្តនៅតាមបណ្តលព្រំដែន ជាពិសេសគឺខេត្តព្រះវិហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម