Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ៖ សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់នឹងត្រូវដឹកជញ្ជូនមកកាន់រាជរាធនីភ្នំពេញ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីថា រាល់សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នឹងត្រូវដឹកជញ្ជូនមកកាន់រាជរាធនីភ្នំពេញ ដើម្បីធ្វើការបូកពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានឱ្យដឹងថា បន្ទាប់ពីដំណើរការសំណេរប្រឡងបាក់ឌុបបានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង ៤ និង ៣០ នាទីនារសៀលថ្ងៃទី ២៩​ ខែសីហា សន្លឹកកិច្ចការទាំងអស់ត្រូវដឹកបញ្ជូនមកកាន់រាជធានីភ្នំពេញ។ លោកស្រីបញ្ជាក់ថា៖«សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់នឹងត្រូវដឹកជញ្ជូនមកកាន់រាជរាធនីភ្នំពេញ ក៏ដូចជាធ្វើការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រនៅរាជធានីភ្នំពេញ ហើយតាមការគ្រោងទុកលទ្ធផលនៃការប្រឡងនឹងប្រកាសជាផ្លូវការនៅគ្រប់រាជធានី-ខេត្តក្រុងទាំងអស់ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥»។

លើសពីនេះ បងប្អូនបេក្ខជនអាចពិនិត្យមើលលទ្ធផលតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ ក្នុងករណីមិនអាចទៅពិនិត្យដោយផ្ទាល់នៅទីតាំងសាលារៀន។ បើតាមអ្នកនាំពាក្យ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរាជធានី-ខេត្តមួយចំនួនក៏ដោយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

គួរជម្រាបថា ក្រសួងបានរៀបចំឱ្យមានមណ្ឌលកំណែចំនួន ១០ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីប្រធានកំណែ អនុប្រធានមណ្ឌល ព្រមទាំងគណៈមេប្រយោគ និងភាគីពាក់ព័ន្ធ។ ដើម្បីឱ្យដំណើរការកំណែនៅតាមមណ្ឌលកំណែទាំង១០ ប្រព្រឹត្តទៅបានល្អ និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការណែនាំបច្ចេកទេស ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ប្រធាន អនុប្រធានមណ្ឌលកំណែមួយចំនួនផងដែរ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់)ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ ក្នុងរយៈពេល២ថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១ ៨៧២ នាក់ ស្មើនឹង ១,២៧ ភាគរយ នៃបេក្ខជនមកប្រឡងសរុប ដោយក្នុងចំណោមបេក្ខជនអវត្តមាន គឺមានបេក្ខជនស្វៃរិនចំនួន ១ ៥២២ នាក់ និងបេក្ខជនចំណេះទូទៅ ៣៥០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម