ព័ត៌មានជាតិ
ចិនផ្ដល់ជំនួយ៣លានដុល្លារទៀតជួយដល់ជនភៀសសឹកកម្ពុជាដែលរងគ្រោះក្នុងជម្លោះព្រំដែន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយជាថវិកាប្រមាណ៣លានដុល្លារទៀតដល់កម្ពុជាដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន ហើយកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ។

ការប្រកាសផ្ដល់ជំនួយរបស់លោកប្រធានាធិបតី ស៊ី ជីនពីង គឺបានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីន ប្រទេសចិន។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី បានថ្លែងឱ្យដឹងក្នុងសន្និសីទកាសែត នាពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយសម្តេចធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលត្រឡប់មកកម្ពុជាវិញ ថា«ឯកឧត្តមប្រធានាធិបតី បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលចុងខែកក្កដាកន្លងទៅ»។

បើតាមលោក មាស សុភ័ណ្ឌ នៅក្នុងជំនួបនោះ ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ពីការគាំទ្ររបស់ចិនចំពោះកម្ពុជា ក្នុងការកសាង និងការពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការលើខ្លួនឯង និងគាំទ្រកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។
ពាក់ព័ន្ធជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លោកប្រធានាធិបតីចិន បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនគាំទ្របទឈប់បាញ់រវាងកងទ័ពប្រទេសទាំងពីរ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៉ីឱ្យបានឆាប់រហ័ស។ លោក មាស សុភ័ណ្ឌ ប្រាប់បន្ថែមឱ្យដឹងយ៉ាងដូច្នេះ។

ជាការកត់សម្គាល់ នេះជាជំនួយមនុស្សធម៌លើកទី២របស់រដ្ឋាភិបាលចិន ដែលមានគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាដែលបានរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន។ កន្លងទៅ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយជាថវិកាចំនួន១០ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីជួយដល់ការរៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក ការជួសជុលផ្ទះពលរដ្ឋ វត្តអារាម ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។

ក្រៅពីជំនួយរបស់ចិន រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានទឹកប្រាក់សរុបប្រមាណ១,៨លានដុល្លារអាមេរិក និងសហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ប្រមាណ៨១៦,០០០ដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


