Connect with us

ព័ត៌មានជាតិ

កម្ពុជា មានករណីជំងឺគ្រុនចាញ់ជិត ៤០ ករណី ថយចុះជាង ៩០% និងគ្មានអ្នកស្លាប់ក្នុងរយៈពេល ៨ ខែ

បានផុស

នៅ

នៅក្នុង​រយៈពេល ៨ ខែ ឆ្នាំ ២០២៥ នេះ កម្ពុជា មាន​ករណី​ជំងឺគ្រុនចាញ់​ប្រមាណ​ជិត ៤០ ករណី មាន​ការ​ថយ​ចុះ​ជាង ៩០% និង​គ្មាន​អ្នក​ស្លាប់ បើ​ធៀប​ទៅ​នឹង​រយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៤ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឈាន​ទៅ​សូន្យ នា​ដំណាច់​ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ៤ កញ្ញា នេះ​ថា ៨ ខែ ឆ្នាំ ២០២៥ នេះ មាន​ជំងឺ​គ្រុនចាញ់ ចំនួន ៣៧ ករណី គ្មាន​ស្លាប់ គឺ ថយ​ចុះ​ជាង ៩១% បើ​ធៀប​ទៅ​នឹង ៨ ខែ ឆ្នាំ ២០២៤ កន្លងទៅ ​មាន​រហូតដល់​ទៅ ២៥៥ ករណី ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឈាន​ទៅ​សូន្យ នា​ដំណាច់​ឆ្នាំនេះ ខណៈ​ប្រទេស​កម្ពុជា បាន​បញ្ចប់​លែង​មាន​ករណី​ស្លាប់ ដោយសារ​ជំងឺគ្រុនចាញ់​តាំងពី​ឆ្នាំ ២០១៨។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ការ​ថយ​ចុះ​ជំងឺគ្រុនចាញ់​ជា​បន្តបន្ទាប់​នេះ​ដោយសារ​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ ២០១១-២០២៥ ដែល​ជា​ត្រីវិស័យ​ដ៏​ត្រឹមត្រូវ សមស្រប​តាម​យុទ្ធសាស្ត្រ​តំបន់ និង​សកលលោក។ ការ​យកចិត្តទុកដាក់ និង​គាំទ្រ​ខ្ពស់​ពី​ក្រសួង​សុខាភិបាល និង​មាន​កិច្ចសហការ​ពេញលេញ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ ក្រោម​យន្តការ​សម្របសម្រួល​អភិបាលកិច្ច​តម្រង់​ទិស​បច្ចេកទេស​ផ្ទាល់​ជាប្រចាំ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ គឺ ជំងឺគ្រុនចាញ់​កំពុង​ឆ្ពោះ​ទៅ​សូន្យ​ករណី នៃ​ការ​ចម្លង​ក្នុង​តំបន់ និង​ក៏​កំពុង​បន្ត​ឈាន​ទៅ​សូន្យ​ករណី​ក្នុង​គ្រប់​ភូមិសាស្ត្រ​ទូទាំង​ប្រទេស​នា​ដំណាច់​ឆ្នាំ ២០២៥ ដែល​ជា​គោលដៅ​ចុងក្រោយ។

លោក​វេជ្ជបណ្ឌិត បាន​រំលឹក​ថា មុន​ពេល​មាន​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ ២០១១-២០២៥ ករណី​ជំងឺគ្រុនចាញ់​រាយការណ៍​មាន​ជា​មធ្យម ១៣ ម៉ឺន​ករណី និង​ស្លាប់ ៧០០ ទៅ ៨០០ នាក់ ក្នុង​មួយឆ្នាំៗ។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា ក្រៅពី​នេះ យើង​បាន​បន្ថែម​វិធីសាស្ត្រ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​​រស់នៅ​ក្នុង​សំបុក​ចម្លង​ជំងឺ​គ្រុនចាញ់​ឱ្យ​បាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​វិធី​ការពារ​ជំងឺគ្រុនចាញ់ ផ្តល់​ថ្នាំ​បង្ការ​ការពារ​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ខ្ពស់​ជាងគេ​ទៅ​នឹង​ជំងឺ​គ្រុនចាញ់​ ក៏ដូចជា​ផ្តល់​មុង​ជ្រលក់​ថ្នាំ​ដល់​ពលរដ្ឋ​មាន​មុខរបរ​ចូល​ព្រៃ​ប្រចាំថ្ងៃ​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមថា កម្ពុជា នឹង​អាច​លុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យ​អស់ទាំង​ស្រុង​នៅ​បំណាច់​ឆ្នាំ ២០២៥ នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម