Connect with us

ព័ត៌មានជាតិ

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ អូស្រ្តាលី ស្នើឱ្យអត់ធ្មត់ គោរពបទឈប់បាញ់ ច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី  

បានផុស

នៅ

ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Derek Yip  បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់អូស្ត្រាលីចំពោះបទឈប់បាញ់ និងស្នើឱ្យភាគីកម្ពុជា-ថៃ អត់ធ្មត់ ដោះស្រាយដោយសន្ដិវិធី​ និងគោរពតាមច្បាប់អន្តរជាតិ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា កាលពីថ្ងៃទី៤ ខែកញ្ញា ថ្មីៗនេះ  ប៉ុន្តែស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី០៩​ ខែកញ្ញា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ឱ្យដឹងថា  កិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយលោក ឡាំ ជា គឺផ្តោតទៅលើស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងវិធានការឆ្ពោះទៅមុខក្នុងការដោះស្រាយបញ្ហាដែលមិនទាន់ដោះស្រាយ រួមទាំងតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកផងដែរ។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា សរសេរក្នុងសេចក្ដីប្រកាសព័ត៌មាន បញ្ចាក់ពីជំហររ​បស់រដ្ឋាភិបាលខ្លួនដូច្នេះ៖«លោកឯកអគ្គរដ្ឋទូត យីប បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់អូស្ត្រាលីចំពោះបទឈប់បាញ់ និងសារៈសំខាន់នៃការដែលភាគីទាំងសងខាងត្រូវមានភាពអត់ធ្មត់ គោរពកាតព្វកិច្ចតាមច្បាប់អន្តរជាតិ និងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។»។

នៅលើបញ្ហាជម្លោះព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជា មានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ពោលគឺទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទទួលបានយុត្តិធម៌មួយដែលមានភាពយូរអង្វែង បញ្ចៀសសង្គ្រាម ស្រោចស្រង់ជីវិតមនុស្សស្លូតត្រង់ និងការខូចខាត​នានា ប៉ុន្តែរដ្ឋាភិបាលថៃ មានជំហរដោះស្រាយត្រឹមតែយន្តការទ្វេភាគី ពោលគឺការចរចា។ ការចរចារវាងភាគីកម្ពុជា ថៃ ជួបប្រទះភាពជាប់គាំងជាង១០ឆ្នាំមកហើយ ព្រោះតែកម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២រយពាន់ ដែលបារាំងគូសបន្សល់ទុក និងអនុសញ្ញាបារាំង សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ប៉ុន្តែភាគីថៃប្រើប្រាស់ផែនទីខ្នាត១លើ៥០ពាន់ ជាគូសស្រេចតែចិត្តឯងគ្មានការទទួលស្គាល់ពីអន្តរជាតិឡើយ។

ក្រោយពីបទឈប់បាញ់ចូលជាធរមាន ភាគីកម្ពុជា ប្រឹងប្រែងគោរពបទឈប់បាញ់ បានយ៉ាងខ្ជាប់ខ្ជួន មិនធ្វើសកម្មភាពណាមួយរំលោភបំពានទៅលើភាគីថៃឡើយ ប៉ុន្តែផ្ទុយមកវិញភាគីថៃ បានរំលោភបទឈប់បាញ់ តាមរយៈការធ្វើសកម្មភាពចាប់កងទ័ពកម្ពុជាជាង២០រូប ចល័តគ្រឿងចក្រ ជីកលេណដ្ឋានគាំទ្រដល់ការប្រយុទ្ធ ល្បាតចូលមកក្នុងទឹកដីកម្ពុជា រាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋកម្ពុជា ដែលជាទង្វើបង្កភាពផុយស្រួយចំពោះបទឈប់បាញ់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម